10. បើអ្នករាល់គ្នាប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្ដីស្រឡាញ់របស់ខ្ញុំ ឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះបិតា ហើយទុកឲ្យសេចក្ដីស្រឡាញ់របស់ព្រះអង្គស្ថិតនៅជាប់នឹងខ្ញុំដែរ។
11. ខ្ញុំបាននិយាយសេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអំណររបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ហើយដើម្បីឲ្យអ្នករាល់គ្នាមានអំណរពេញលក្ខណៈ។
12. នេះជាបទបញ្ជារបស់ខ្ញុំ ចូរអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
13. គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិត ដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ។
14. បើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។