27. ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ សេចក្ដីសុខសាន្តដែលខ្ញុំផ្ដល់ឲ្យនេះ មិនដូចសេចក្ដីសុខសាន្តដែលមនុស្សលោកឲ្យទេ។ ចូរកុំរន្ធត់ចិត្ត កុំភ័យខ្លាចឲ្យសោះ។
28. អ្នករាល់គ្នាបានឮខ្ញុំនិយាយរួចមកហើយថា ខ្ញុំនឹងចាកចេញទៅ រួចខ្ញុំមករកអ្នករាល់គ្នាវិញ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខតែសប្បាយចិត្តដោយខ្ញុំទៅឯព្រះបិតា ដ្បិតព្រះបិតាមានឋានៈធំជាងខ្ញុំ។
29. ខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងឥឡូវនេះ មុនហេតុការណ៍ទាំងនោះកើតឡើង។ លុះដល់ហេតុការណ៍ទាំងនោះកើតឡើង អ្នករាល់គ្នានឹងជឿ។
30. ខ្ញុំនិយាយជាមួយអ្នករាល់គ្នាមិនបានច្រើនទៀតទេ ព្រោះចៅហ្វាយរបស់លោកីយ៍កំពុងតែមក វាគ្មានអំណាចអ្វីលើខ្ញុំសោះ។
31. វាមកដូច្នេះ ជាឱកាសឲ្យមនុស្សលោកដឹងថា ខ្ញុំស្រឡាញ់ព្រះបិតា ហើយខ្ញុំសុខចិត្តធ្វើតាមបង្គាប់របស់ព្រះអង្គ។ ចូរក្រោកឡើង យើងនាំគ្នាចេញពីទីនេះ»។