យ៉ូហាន 14:12-20 Khmer Standard Version (KHSV)

12. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ​លើ​ខ្ញុំ អ្នក​នោះ​នឹង​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ហើយ​នឹង​ធ្វើ​កិច្ចការ​ធំ​ជាង​នេះ​ទៅ​ទៀត ពី‌ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌បិតា។

13. អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នោះ​ជា​មិន​ខាន ដើម្បី​ឲ្យ​ព្រះ‌បិតា​សម្តែង​សិរី‌រុងរឿង​ក្នុង​ព្រះ‌បុត្រា។

14. បើ​អ្នក​រាល់​គ្នា​សូម​អ្វី​ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នោះ»។

15. «ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ

16. ខ្ញុំ​នឹង​ទូល‌អង្វរ​ព្រះ‌បិតា ហើយ​ទ្រង់​ប្រទាន​ព្រះ​ដ៏​ជួយ​ការពារ​មួយ​អង្គ​ទៀត ឲ្យ​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​ដរាប​ត​រៀង​ទៅ

17. ព្រះ‌អង្គ​ជា​ព្រះ‌វិញ្ញាណ​ដែល​សម្តែង​សេចក្ដី​ពិត។ មនុស្ស​លោក​ពុំ​អាច​ទទួល​ព្រះ‌អង្គ​បាន​ទេ ព្រោះ​គេ​មើល​ព្រះ‌អង្គ​មិន​ឃើញ ហើយ​ក៏​មិន​ស្គាល់​ព្រះ‌អង្គ​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ស្គាល់​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ហើយ​ព្រះ‌អង្គ​នឹង​គង់​ក្នុង​អ្នក​រាល់​គ្នា។

18. ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មក​រក​អ្នក​រាល់​គ្នា​វិញ។

19. បន្តិច​ទៀត មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​ជីវិត​រស់ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ជីវិត​រស់​ដែរ។

20. នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ខ្ញុំ ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ។

យ៉ូហាន 14