12. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើកិច្ចការធំជាងនេះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះបិតា។
13. អ្វីៗដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះជាមិនខាន ដើម្បីឲ្យព្រះបិតាសម្តែងសិរីរុងរឿងក្នុងព្រះបុត្រា។
14. បើអ្នករាល់គ្នាសូមអ្វីក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។
15. «ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមបទបញ្ជារបស់ខ្ញុំ
16. ខ្ញុំនឹងទូលអង្វរព្រះបិតា ហើយទ្រង់ប្រទានព្រះដ៏ជួយការពារមួយអង្គទៀត ឲ្យគង់នៅជាមួយអ្នករាល់គ្នាជាដរាបតរៀងទៅ
17. ព្រះអង្គជាព្រះវិញ្ញាណដែលសម្តែងសេចក្ដីពិត។ មនុស្សលោកពុំអាចទទួលព្រះអង្គបានទេ ព្រោះគេមើលព្រះអង្គមិនឃើញ ហើយក៏មិនស្គាល់ព្រះអង្គផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាស្គាល់ព្រះអង្គ ព្រោះព្រះអង្គស្ថិតនៅជាប់នឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងគង់ក្នុងអ្នករាល់គ្នា។