1. «កុំរន្ធត់ចិត្តធ្វើអ្វី អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ហើយ សុំជឿលើខ្ញុំផង។
2. ក្នុងដំណាក់របស់ព្រះបិតាខ្ញុំមានលំនៅជាច្រើន។ បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា ខ្ញុំទៅរៀបចំកន្លែងទុកឲ្យអ្នករាល់គ្នាឡើយ។
3. ពេលខ្ញុំទៅរៀបចំកន្លែងទុកឲ្យអ្នករាល់គ្នារួចហើយ ខ្ញុំនឹងត្រឡប់មកវិញ យកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ។
4. ឯកន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាក៏ស្គាល់ផ្លូវទៅដែរ»។
5. លោកថូម៉ាសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ធ្វើដូចម្ដេចឲ្យយើងខ្ញុំអាចស្គាល់ផ្លូវទៅបាន បើយើងខ្ញុំមិនដឹងថាព្រះអង្គយាងទៅទីណាផងនោះ»។
6. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។