25. សិស្សនោះក៏អោនទៅជិតព្រះឱរាព្រះយេស៊ូទូលសួរថា៖ «បពិត្រព្រះអម្ចាស់ តើនរណាមួយ?»។
26. ព្រះយេស៊ូមានព្រះបន្ទូល តបទៅគាត់ថា៖ «ខ្ញុំជ្រលក់នំប៉័ងមួយដុំហុចទៅឲ្យអ្នកណា គឺអ្នកនោះហើយ»។ ព្រះអង្គជ្រលក់នំប៉័ងមួយដុំ ហុចទៅឲ្យយូដាសអ៊ីស្ការីយ៉ុត ជាកូនរបស់លោកស៊ីម៉ូន។
27. ពេលយូដាសទទួលដុំនំប៉័ងនោះ មារសាតាំង*ក៏ចូលក្នុងចិត្តគាត់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «កិច្ចការដែលអ្នកត្រូវធ្វើ ចូរធ្វើឲ្យឆាប់ៗទៅ!»។
28. ក្នុងបណ្ដាអស់អ្នកដែលនៅរួមតុ គ្មាននរណាម្នាក់យល់ថា ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលដូច្នេះឡើយ។
29. ដោយយូដាសកាន់ថង់ប្រាក់ អ្នកខ្លះនឹកស្មានថា ព្រះយេស៊ូប្រើគាត់ឲ្យទៅទិញរបស់របរសម្រាប់ពិធីបុណ្យ ឬឲ្យយកប្រាក់ទៅចែកដល់ជនក្រីក្រ។
30. យូដាសទទួលយកដុំនំប៉័ង រួចចេញទៅភ្លាម ពេលនោះ យប់ងងឹតហើយ។
31. លុះយូដាសចេញផុតទៅ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឥឡូវនេះ បុត្រមនុស្ស បានសម្តែងសិរីរុងរឿងហើយ ហើយព្រះជាម្ចាស់ក៏បានសម្តែងសិរីរុងរឿងក្នុងបុត្រមនុស្សដែរ។
32. បើព្រះជាម្ចាស់បានសម្តែងសិរីរុងរឿងក្នុងបុត្រមនុស្ស ព្រះអង្គក៏នឹងសម្តែងសិរីរុងរឿងរបស់បុត្រមនុស្ស ក្នុងព្រះអង្គផ្ទាល់ដែរ! ហើយព្រះអង្គនឹងសម្តែងសិរីរុងរឿងរបស់បុត្រមនុស្សក្នុងពេលឆាប់ៗខាងមុខនេះ។