យ៉ូហាន 13:21-38 Khmer Standard Version (KHSV)

21. កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះ‌អង្គ​រន្ធត់​ព្រះ‌ហឫទ័យ​ក្រៃ‌លែង ទ្រង់​មាន​ព្រះ‌បន្ទូល​បញ្ជាក់​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។

22. ពួក​សិស្ស*​ងាក​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដឹង​ថា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​នរណា។

23. សិស្ស​ម្នាក់​ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់​អង្គុយ​ក្បែរ​ព្រះ‌អង្គ។

24. លោក​ស៊ីម៉ូន​ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​គាត់​សួរ​ព្រះ‌យេស៊ូ​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​នរណា។

25. សិស្ស​នោះ​ក៏​អោន​ទៅ​ជិត​ព្រះ‌ឱរា​ព្រះ‌យេស៊ូ​ទូល​សួរ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​នរណា​មួយ?»។

26. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល តប​ទៅ​គាត់​ថា៖ «ខ្ញុំ​ជ្រលក់​នំប៉័ង​មួយ​ដុំ​ហុច​ទៅ​ឲ្យ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ»។ ព្រះ‌អង្គ​ជ្រលក់​នំប៉័ង​មួយ​ដុំ ហុច​ទៅ​ឲ្យ​យូដាស‌អ៊ីស្កា‌រីយ៉ុត ជា​កូន​របស់​លោក​ស៊ីម៉ូន។

27. ពេល​យូដាស​ទទួល​ដុំ​នំប៉័ង​នោះ មារ​សា‌តាំង*​ក៏​ចូល​ក្នុង​ចិត្ត​គាត់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ ចូរ​ធ្វើ​ឲ្យ​ឆាប់ៗ​ទៅ!»។

28. ក្នុង​បណ្ដា​អស់​អ្នក​ដែល​នៅ​រួម​តុ គ្មាន​នរណា​ម្នាក់​យល់​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ឡើយ។

29. ដោយ​យូដាស​កាន់​ថង់​ប្រាក់ អ្នក​ខ្លះ​នឹក​ស្មាន​ថា ព្រះ‌យេស៊ូ​ប្រើ​គាត់​ឲ្យ​ទៅ​ទិញ​របស់​របរ​សម្រាប់​ពិធី​បុណ្យ ឬ​ឲ្យ​យក​ប្រាក់​ទៅ​ចែក​ដល់​ជន​ក្រីក្រ។

30. យូដាស​ទទួល​យក​ដុំ​នំប៉័ង រួច​ចេញ​ទៅ​ភ្លាម ពេល​នោះ យប់​ងងឹត​ហើយ។

31. លុះ​យូដាស​ចេញ​ផុត​ទៅ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ បុត្រ​មនុស្ស បាន​សម្តែង​សិរី‌រុងរឿង​ហើយ ហើយ​ព្រះ‌ជាម្ចាស់​ក៏​បាន​សម្តែង​សិរី‌រុងរឿង​ក្នុង​បុត្រ​មនុស្ស​ដែរ។

32. បើ​ព្រះ‌ជាម្ចាស់​បាន​សម្តែង​សិរី‌រុងរឿង​ក្នុង​បុត្រ​មនុស្ស ព្រះ‌អង្គ​ក៏​នឹង​សម្តែង​សិរី‌រុងរឿង​របស់​បុត្រ​មនុស្ស ក្នុង​ព្រះ‌អង្គ​ផ្ទាល់​ដែរ! ហើយ​ព្រះ‌អង្គ​នឹង​សម្តែង​សិរី‌រុងរឿង​របស់​បុត្រ​មនុស្ស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

33. ម្នាល​កូន​ចៅ​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​មួយ​រយៈ​ពេល​ដ៏​ខ្លី​ទៀត។ អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ដូច​ខ្ញុំ​បាន​ប្រាប់​ជន‌ជាតិ​យូដា​មក​ហើយ​ដែរ​ថា អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ​បាន​ឡើយ។

34. ខ្ញុំ​ឲ្យ​បទ‌បញ្ជា​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។

35. បើ​អ្នក​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មនុស្ស​ទាំង​អស់​មុខ​ជា​ដឹង​ថា អ្នក​រាល់​គ្នា​ពិត​ជា​សិស្ស*​របស់​ខ្ញុំ​មែន»។

36. លោក​ស៊ីម៉ូន​ពេត្រុស​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ព្រះ‌អង្គ​យាង​ទៅ​ណា?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​មិន​អាច​ទៅ​តាម​ខ្ញុំ​នៅ​ពេល​នេះ​បាន​ទេ ថ្ងៃ​ក្រោយ ទើប​អ្នក​ទៅ​បាន»។

37. លោក​ពេត្រុស​ទូល​ព្រះ‌អង្គ​ទៀត​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ហេតុ​ដូច​ម្ដេច​បាន​ជា​ទូលបង្គំ​មិន​អាច​ទៅ​តាម​ព្រះ‌អង្គ​ឥឡូវ​នេះ? ទូលបង្គំ​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត​សម្រាប់​ព្រះ‌អង្គ»។

38. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត​សម្រាប់​ខ្ញុំ​មែន! តែ​ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។

យ៉ូហាន 13