21. កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គរន្ធត់ព្រះហឫទ័យក្រៃលែង ទ្រង់មានព្រះបន្ទូលបញ្ជាក់ទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។
22. ពួកសិស្ស*ងាកមើលមុខគ្នាទៅវិញទៅមក មិនដឹងថាព្រះអង្គមានព្រះបន្ទូលពីនរណា។
23. សិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់អង្គុយក្បែរព្រះអង្គ។
24. លោកស៊ីម៉ូនពេត្រុសធ្វើសញ្ញាឲ្យគាត់សួរព្រះយេស៊ូថា ព្រះអង្គមានព្រះបន្ទូលពីនរណា។
25. សិស្សនោះក៏អោនទៅជិតព្រះឱរាព្រះយេស៊ូទូលសួរថា៖ «បពិត្រព្រះអម្ចាស់ តើនរណាមួយ?»។
26. ព្រះយេស៊ូមានព្រះបន្ទូល តបទៅគាត់ថា៖ «ខ្ញុំជ្រលក់នំប៉័ងមួយដុំហុចទៅឲ្យអ្នកណា គឺអ្នកនោះហើយ»។ ព្រះអង្គជ្រលក់នំប៉័ងមួយដុំ ហុចទៅឲ្យយូដាសអ៊ីស្ការីយ៉ុត ជាកូនរបស់លោកស៊ីម៉ូន។
27. ពេលយូដាសទទួលដុំនំប៉័ងនោះ មារសាតាំង*ក៏ចូលក្នុងចិត្តគាត់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «កិច្ចការដែលអ្នកត្រូវធ្វើ ចូរធ្វើឲ្យឆាប់ៗទៅ!»។
28. ក្នុងបណ្ដាអស់អ្នកដែលនៅរួមតុ គ្មាននរណាម្នាក់យល់ថា ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលដូច្នេះឡើយ។
29. ដោយយូដាសកាន់ថង់ប្រាក់ អ្នកខ្លះនឹកស្មានថា ព្រះយេស៊ូប្រើគាត់ឲ្យទៅទិញរបស់របរសម្រាប់ពិធីបុណ្យ ឬឲ្យយកប្រាក់ទៅចែកដល់ជនក្រីក្រ។
30. យូដាសទទួលយកដុំនំប៉័ង រួចចេញទៅភ្លាម ពេលនោះ យប់ងងឹតហើយ។
31. លុះយូដាសចេញផុតទៅ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឥឡូវនេះ បុត្រមនុស្ស បានសម្តែងសិរីរុងរឿងហើយ ហើយព្រះជាម្ចាស់ក៏បានសម្តែងសិរីរុងរឿងក្នុងបុត្រមនុស្សដែរ។
32. បើព្រះជាម្ចាស់បានសម្តែងសិរីរុងរឿងក្នុងបុត្រមនុស្ស ព្រះអង្គក៏នឹងសម្តែងសិរីរុងរឿងរបស់បុត្រមនុស្ស ក្នុងព្រះអង្គផ្ទាល់ដែរ! ហើយព្រះអង្គនឹងសម្តែងសិរីរុងរឿងរបស់បុត្រមនុស្សក្នុងពេលឆាប់ៗខាងមុខនេះ។
33. ម្នាលកូនចៅអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀត។ អ្នករាល់គ្នានឹងតាមរកខ្ញុំ ប៉ុន្តែ ឥឡូវនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាដូចខ្ញុំបានប្រាប់ជនជាតិយូដាមកហើយដែរថា អ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំទៅនោះបានឡើយ។
34. ខ្ញុំឲ្យបទបញ្ជាថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
35. បើអ្នកស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជាដឹងថា អ្នករាល់គ្នាពិតជាសិស្ស*របស់ខ្ញុំមែន»។
36. លោកស៊ីម៉ូនពេត្រុសទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គយាងទៅណា?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅតាមខ្ញុំនៅពេលនេះបានទេ ថ្ងៃក្រោយ ទើបអ្នកទៅបាន»។
37. លោកពេត្រុសទូលព្រះអង្គទៀតថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្ដេចបានជាទូលបង្គំមិនអាចទៅតាមព្រះអង្គឥឡូវនេះ? ទូលបង្គំសុខចិត្តស៊ូប្ដូរជីវិតសម្រាប់ព្រះអង្គ»។