28. ព្រះបិតាអើយ សម្តែងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គឡើង»។ ពេលនោះ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «យើងបានសម្តែងសិរីរុងរឿងរបស់យើងហើយ យើងក៏នឹងសម្តែងសិរីរុងរឿងជាថ្មីទៀត»។
29. បណ្ដាជននៅទីនោះ បានឮព្រះសូរសៀង ក៏ពោលថា «សន្ធឹកផ្គរលាន់» អ្នកខ្លះទៀត ពោលថា «មានទេវតា*និយាយមកលោក»។
30. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សំឡេងនេះ បន្លឺឡើងសម្រាប់អ្នករាល់គ្នាមិនមែនសម្រាប់ខ្ញុំទេ។
31. ឥឡូវនេះ ដល់ពេលកាត់ទោសមនុស្សលោកហើយ ហើយចៅហ្វាយរបស់មនុស្សលោកនឹងត្រូវបណ្ដេញចេញទៅក្រៅ។
32. រីឯខ្ញុំវិញ កាលណាគេលើកខ្ញុំឡើងពីដី ខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ»។
33. ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីប្រាប់គេអំពីរបៀបដែលព្រះអង្គត្រូវសោយទិវង្គត។
34. បណ្ដាជននាំគ្នាទូលអង្វរព្រះអង្គថា៖ «យើងបានដឹងតាមរយៈក្រឹត្យវិន័យថា ព្រះគ្រិស្ដ*ត្រូវស្ថិតនៅអស់កល្បជានិច្ច ចុះម្ដេចក៏លោកមានប្រសាសន៍ថា បុត្រមនុស្សនឹងត្រូវគេលើកឡើងពីដីដូច្នេះ?
35. តើនរណាជាបុត្រមនុស្សនោះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពន្លឺនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតប៉ុណ្ណោះ។ ចូរនាំគ្នាដើរ ក្នុងពេលដែលអ្នករាល់គ្នាកំពុងតែមានពន្លឺនៅឡើយ ក្រែងលោសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ ដ្បិតអ្នកដើរក្នុងសេចក្ដីងងឹតពុំដឹងថាខ្លួនធ្វើដំណើរទៅទីណាទេ។
36. ក្នុងពេលដែលអ្នករាល់គ្នានៅមានពន្លឺនៅឡើយ ចូរនាំគ្នាជឿលើពន្លឺ ដើម្បីឲ្យបានទៅជាបុត្រធីតានៃពន្លឺ»។ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះហើយ ទ្រង់យាងចេញទៅលាក់ខ្លួន មិនឲ្យបណ្ដាជនឃើញ។
37. ទោះបីព្រះយេស៊ូធ្វើទីសម្គាល់ជាច្រើនឲ្យគេឃើញយ៉ាងណាក៏ដោយ ក៏គេនៅតែពុំជឿលើព្រះអង្គដដែល
38. គឺស្របតាមសេចក្ដីដែលព្យាការី*អេសាយបានថ្លែងទុកមកថា៖ «បពិត្រព្រះអម្ចាស់ តើនរណាជឿសេចក្ដី ដែលយើងនិយាយប្រាប់? តើព្រះអម្ចាស់បានសម្តែងឫទ្ធិបារមី ឲ្យនរណាឃើញ?»។
39. គេពុំអាចជឿបានឡើយ ស្របតាមសេចក្ដីដែលព្យាការីអេសាយបានថ្លែងទៀតថា៖