25. អ្នកណាស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្តនឹងជីវិតរបស់ខ្លួន ក្នុងពិភពលោកនេះទេ នឹងរក្សាជីវិតខ្លួនឲ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។
26. បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ»។
27. «ឥឡូវនេះ ទូលបង្គំរន្ធត់ចិត្តណាស់ មិនដឹងជានឹងទូលថាដូចម្ដេចឡើយ។ ឱព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំឲ្យរួចផុតពីទុក្ខលំបាក នៅពេលកំណត់នេះផង។ ប៉ុន្តែ ទូលបង្គំមក ដើម្បីរងទុក្ខលំបាកក្នុងពេលកំណត់នេះហើយ។
28. ព្រះបិតាអើយ សម្តែងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គឡើង»។ ពេលនោះ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «យើងបានសម្តែងសិរីរុងរឿងរបស់យើងហើយ យើងក៏នឹងសម្តែងសិរីរុងរឿងជាថ្មីទៀត»។
29. បណ្ដាជននៅទីនោះ បានឮព្រះសូរសៀង ក៏ពោលថា «សន្ធឹកផ្គរលាន់» អ្នកខ្លះទៀត ពោលថា «មានទេវតា*និយាយមកលោក»។
30. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សំឡេងនេះ បន្លឺឡើងសម្រាប់អ្នករាល់គ្នាមិនមែនសម្រាប់ខ្ញុំទេ។
31. ឥឡូវនេះ ដល់ពេលកាត់ទោសមនុស្សលោកហើយ ហើយចៅហ្វាយរបស់មនុស្សលោកនឹងត្រូវបណ្ដេញចេញទៅក្រៅ។
32. រីឯខ្ញុំវិញ កាលណាគេលើកខ្ញុំឡើងពីដី ខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ»។
33. ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីប្រាប់គេអំពីរបៀបដែលព្រះអង្គត្រូវសោយទិវង្គត។
34. បណ្ដាជននាំគ្នាទូលអង្វរព្រះអង្គថា៖ «យើងបានដឹងតាមរយៈក្រឹត្យវិន័យថា ព្រះគ្រិស្ដ*ត្រូវស្ថិតនៅអស់កល្បជានិច្ច ចុះម្ដេចក៏លោកមានប្រសាសន៍ថា បុត្រមនុស្សនឹងត្រូវគេលើកឡើងពីដីដូច្នេះ?