19. ពួកខាងគណៈផារីស៊ីនិយាយគ្នាថា៖ «ឃើញទេ យើងមិនអាចឈ្នះបានឡើយ! មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់!»។
20. ក្នុងចំណោមអស់អ្នកដែលឡើងទៅថ្វាយបង្គំព្រះជាម្ចាស់ក្នុងឱកាសបុណ្យចម្លង* មានជនជាតិក្រិកខ្លះដែរ។
21. គេចូលទៅជិតលោកភីលីពជាអ្នកភូមិបេតសៃដាក្នុងស្រុកកាលីឡេ ហើយពោលថា៖ «លោកម្ចាស់! យើងខ្ញុំចង់ជួបលោកយេស៊ូ»។
22. លោកភីលីពទៅប្រាប់លោកអនទ្រេ ហើយលោកអនទ្រេ និងលោកភីលីព ចូលទៅទូលព្រះយេស៊ូ។
23. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ ដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវសម្តែងសិរីរុងរឿងហើយ។
24. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រាប់ស្រូវធ្លាក់ដល់ដី ហើយបើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់ វានឹងបង្កើតផលបានច្រើន។
25. អ្នកណាស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្តនឹងជីវិតរបស់ខ្លួន ក្នុងពិភពលោកនេះទេ នឹងរក្សាជីវិតខ្លួនឲ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។
26. បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ»។
27. «ឥឡូវនេះ ទូលបង្គំរន្ធត់ចិត្តណាស់ មិនដឹងជានឹងទូលថាដូចម្ដេចឡើយ។ ឱព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំឲ្យរួចផុតពីទុក្ខលំបាក នៅពេលកំណត់នេះផង។ ប៉ុន្តែ ទូលបង្គំមក ដើម្បីរងទុក្ខលំបាកក្នុងពេលកំណត់នេះហើយ។
28. ព្រះបិតាអើយ សម្តែងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គឡើង»។ ពេលនោះ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «យើងបានសម្តែងសិរីរុងរឿងរបស់យើងហើយ យើងក៏នឹងសម្តែងសិរីរុងរឿងជាថ្មីទៀត»។
29. បណ្ដាជននៅទីនោះ បានឮព្រះសូរសៀង ក៏ពោលថា «សន្ធឹកផ្គរលាន់» អ្នកខ្លះទៀត ពោលថា «មានទេវតា*និយាយមកលោក»។
30. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សំឡេងនេះ បន្លឺឡើងសម្រាប់អ្នករាល់គ្នាមិនមែនសម្រាប់ខ្ញុំទេ។
31. ឥឡូវនេះ ដល់ពេលកាត់ទោសមនុស្សលោកហើយ ហើយចៅហ្វាយរបស់មនុស្សលោកនឹងត្រូវបណ្ដេញចេញទៅក្រៅ។