11. ព្រោះតែគាត់នេះហើយ បានជាមានជនជាតិយូដាជាច្រើនបែកចេញពីពួកគេ មកជឿលើព្រះយេស៊ូ។
12. នៅថ្ងៃបន្ទាប់ មានបណ្ដាជនច្រើនកុះករមកចូលរួមធ្វើបុណ្យចម្លង*។ កាលគេឮដំណឹងថា ព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម
13. គេនាំគ្នាកាច់ធាងទន្សែ កាន់មកទទួលព្រះអង្គ ទាំងស្រែកថា៖ «ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់ គឺព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែល!»
14. ព្រះយេស៊ូរកបានកូនលាមួយ ហើយព្រះអង្គគង់លើខ្នងវា ស្របតាមសេចក្ដីដែលមានចែងទុកមកថា៖
15. «ប្រជាជនក្រុងស៊ីយ៉ូនអើយ កុំភ័យខ្លាចអី! មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមកដល់ហើយ ព្រះអង្គគង់លើខ្នងកូនលា»។
16. នៅពេលនោះ ពួកសិស្ស*ពុំបានយល់ហេតុការណ៍ទាំងនេះភ្លាមៗទេ។ លុះដល់ព្រះយេស៊ូបានសម្តែងសិរីរុងរឿងហើយ ទើបគេនឹកឃើញថា ហេតុការណ៍ទាំងនេះមានចែងទុកអំពីព្រះអង្គ ហើយមហាជនក៏បានធ្វើកិច្ចការទាំងប៉ុន្មាន ថ្វាយព្រះអង្គស្របតាមគម្ពីរដែរ។
17. អស់អ្នកដែលនៅជាមួយព្រះយេស៊ូ កាលព្រះអង្គហៅលោកឡាសារចេញពីផ្នូរ ហើយប្រោសគាត់ឲ្យរស់ឡើងវិញនោះ នាំគ្នាផ្ដល់សក្ខីភាពអំពីកិច្ចការដែលព្រះអង្គបានធ្វើ។
18. បណ្ដាជនមកទទួលព្រះអង្គ ដ្បិតគេបានឮថា ព្រះអង្គបានធ្វើទីសម្គាល់នេះ។
19. ពួកខាងគណៈផារីស៊ីនិយាយគ្នាថា៖ «ឃើញទេ យើងមិនអាចឈ្នះបានឡើយ! មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់!»។
20. ក្នុងចំណោមអស់អ្នកដែលឡើងទៅថ្វាយបង្គំព្រះជាម្ចាស់ក្នុងឱកាសបុណ្យចម្លង* មានជនជាតិក្រិកខ្លះដែរ។
21. គេចូលទៅជិតលោកភីលីពជាអ្នកភូមិបេតសៃដាក្នុងស្រុកកាលីឡេ ហើយពោលថា៖ «លោកម្ចាស់! យើងខ្ញុំចង់ជួបលោកយេស៊ូ»។
22. លោកភីលីពទៅប្រាប់លោកអនទ្រេ ហើយលោកអនទ្រេ និងលោកភីលីព ចូលទៅទូលព្រះយេស៊ូ។