47. ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី បានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់*មកប្រជុំ ហើយពោលថា៖ «អ្នកនោះបានធ្វើទីសម្គាល់ជាច្រើន តើយើងគិតធ្វើដូចម្ដេច?
48. ប្រសិនបើយើងបណ្ដោយឲ្យគាត់ធ្វើដូច្នេះតទៅទៀត ប្រជាជនមុខតែជឿទៅលើគាត់ទាំងអស់គ្នា ហើយជនជាតិរ៉ូម៉ាំងនឹងមកបំផ្លាញព្រះវិហារ* និងបំបាត់ជាតិសាសន៍របស់យើងជាមិនខាន»។
49. នៅក្នុងចំណោមពួកគេ មានលោកម្នាក់ឈ្មោះ កៃផា ដែលជាមហាបូជាចារ្យនៅឆ្នាំនោះ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកពុំយល់អ្វីសោះ!
50. តើអស់លោកគិតមិនឃើញទេឬថា បើមនុស្សតែម្នាក់ស្លាប់ ជាប្រយោជន៍ដល់ប្រជារាស្ត្រនោះ ប្រសើរជាងទុកឲ្យជាតិទាំងមូលត្រូវវិនាស!»។
51. លោកមានប្រសាសន៍ដូច្នេះ មិនមែនផុសចេញពីគំនិតខ្លួនឯងផ្ទាល់ឡើយ គឺក្នុងឋានៈជាមហាបូជាចារ្យនៅឆ្នាំនោះ លោកបានទាយថា ព្រះយេស៊ូត្រូវសោយទិវង្គត ដើម្បីជាប្រយោជន៍ដល់សាសន៍យូដា
52. មិនគ្រាន់តែជាប្រយោជន៍ដល់សាសន៍នេះប៉ុណ្ណោះទេ គឺដើម្បីឲ្យកូនចៅរបស់ព្រះជាម្ចាស់ដែលបែកខ្ញែកគ្នា មករួបរួមជាប្រជាជនតែមួយ។
53. តាំងពីថ្ងៃនោះមក ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី* បានសម្រេចធ្វើគុតព្រះយេស៊ូ។
54. ហេតុដូច្នេះហើយបានជាព្រះអង្គមិនយាងទៅមក ដោយចេញមុខឲ្យជនជាតិយូដាឃើញទៀតឡើយ គឺព្រះអង្គចាកចេញពីទីនោះឆ្ពោះទៅតំបន់ជិតវាលរហោស្ថាន ត្រង់ភូមិមួយឈ្មោះអេប្រាអ៊ីម ហើយទ្រង់ស្នាក់នៅក្នុងភូមិនោះជាមួយពួកសិស្ស*។
55. ពេលនោះ ជិតដល់ថ្ងៃបុណ្យចម្លង*របស់ជនជាតិយូដាហើយ។ អ្នកស្រុកជាច្រើន នាំគ្នាឡើងទៅក្រុងយេរូសាឡឹម មុនថ្ងៃបុណ្យ ដើម្បីធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ*។
56. គេរកព្រះយេស៊ូ ហើយនិយាយគ្នាទៅវិញទៅមកក្នុងព្រះវិហារ*ថា៖ «អ្នកគិតដូចម្ដេច? លោកមិនហ៊ានមកចូលរួមក្នុងពិធីបុណ្យទេមើលទៅ!»។
57. ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ីបានចេញបញ្ជាថា បើអ្នកណាដឹងព្រះអង្គគង់នៅឯណា ត្រូវប្រាប់ពួកគេ ដើម្បីឲ្យគេចាប់ព្រះអង្គ។