42. ចំពោះទូលបង្គំ ទូលបង្គំដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់ទូលបង្គំជានិច្ច ប៉ុន្តែ ទូលបង្គំទូលព្រះអង្គដូច្នេះ ដើម្បីឲ្យបណ្ដាជនដែលនៅជុំវិញទូលបង្គំ ជឿថាព្រះអង្គពិតជាបានចាត់ទូលបង្គំឲ្យមកមែន»។
43. លុះព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ទ្រង់បន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ឡាសារអើយ! ចេញមក!»។
44. ពេលនោះ លោកឡាសារដែលបានស្លាប់ ក៏ចេញពីផ្នូរមក មានទាំងក្រណាត់រុំដៃជើង និងកន្សែងគ្របមុខផង។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «សុំស្រាយក្រណាត់ចេញពីគាត់ ហើយឲ្យគាត់ទៅចុះ»។
45. ជនជាតិយូដាជាច្រើននាក់ ដែលមកផ្ទះនាងម៉ារី បានឃើញព្រះយេស៊ូធ្វើកិច្ចការទាំងនោះ ក៏ជឿលើព្រះអង្គ។
46. ប៉ុន្តែ មានគ្នាគេខ្លះទៅជួបពួកខាងគណៈផារីស៊ី* រៀបរាប់នូវកិច្ចការដែលព្រះយេស៊ូបានធ្វើ។
47. ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី បានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់*មកប្រជុំ ហើយពោលថា៖ «អ្នកនោះបានធ្វើទីសម្គាល់ជាច្រើន តើយើងគិតធ្វើដូចម្ដេច?
48. ប្រសិនបើយើងបណ្ដោយឲ្យគាត់ធ្វើដូច្នេះតទៅទៀត ប្រជាជនមុខតែជឿទៅលើគាត់ទាំងអស់គ្នា ហើយជនជាតិរ៉ូម៉ាំងនឹងមកបំផ្លាញព្រះវិហារ* និងបំបាត់ជាតិសាសន៍របស់យើងជាមិនខាន»។
49. នៅក្នុងចំណោមពួកគេ មានលោកម្នាក់ឈ្មោះ កៃផា ដែលជាមហាបូជាចារ្យនៅឆ្នាំនោះ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកពុំយល់អ្វីសោះ!