31. ជនជាតិយូដា ដែលមកជួយរំលែកទុក្ខក្នុងផ្ទះជាមួយនាងម៉ារី ឃើញនាងស្ទុះក្រោកឡើង ប្រញាប់ប្រញាល់ចេញទៅខាងក្រៅដូច្នេះ ក៏នាំគ្នាចេញទៅតាម ព្រោះគេស្មានថានាងទៅយំឯផ្នូរ។
32. លុះនាងម៉ារីទៅដល់កន្លែងព្រះយេស៊ូគង់នៅហើយ នាងឃើញព្រះអង្គ ក៏ក្រាបទៀបព្រះបាទា ទូលថា៖ «លោកម្ចាស់! ប្រសិនបើលោកបាននៅទីនេះ ប្អូនប្រុសនាងខ្ញុំមិនស្លាប់ទេ»។
33. ពេលព្រះយេស៊ូឃើញនាងម៉ារី និងជនជាតិយូដាដែលមកជាមួយនាង យំដូច្នេះ ព្រះអង្គរំជួលព្រះហឫទ័យ ហើយរន្ធត់ជាខ្លាំងផង។
34. ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នករាល់គ្នាយកសពទៅទុកនៅឯណា?»។ គេទូលព្រះអង្គថា៖ «សូមអញ្ជើញមក លោកនឹងឃើញ»។
35. ពេលនោះ ព្រះយេស៊ូទ្រង់ព្រះកន្សែង។
36. ជនជាតិយូដានាំគ្នាពោលថា៖ «មើល៍! លោកស្រឡាញ់ឡាសារខ្លាំងណាស់!»។
37. ប៉ុន្តែ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះនិយាយថា៖ «លោកអាចធ្វើឲ្យមនុស្សខ្វាក់មើលឃើញ ម្ដេចក៏លោកមិនធ្វើឲ្យឡាសារគេចផុតពីស្លាប់ផងទៅ!»។
38. ព្រះយេស៊ូរំជួលព្រះហឫទ័យម្ដងទៀត រួចយាងទៅផ្នូរ។ ផ្នូរនោះជារូងភ្នំ មានថ្មបាំងនៅមាត់រូង។
39. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សុំយកថ្មនេះចេញ!»។ នាងម៉ាថា ជាបងរបស់សព ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ សពធុំក្លិនហើយ ព្រោះគេបានយកមកដាក់តាំងពីបួនថ្ងៃម៉្លេះ»។
40. ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំបានប្រាប់នាងរួចមកហើយថា បើនាងជឿ នាងនឹងឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់»។
41. គេក៏យកថ្មចេញពីមាត់ផ្នូរ។ ព្រះយេស៊ូងើបព្រះភ័ក្ត្រទតទៅលើ មានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្ដាប់ទូលបង្គំ។
42. ចំពោះទូលបង្គំ ទូលបង្គំដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់ទូលបង្គំជានិច្ច ប៉ុន្តែ ទូលបង្គំទូលព្រះអង្គដូច្នេះ ដើម្បីឲ្យបណ្ដាជនដែលនៅជុំវិញទូលបង្គំ ជឿថាព្រះអង្គពិតជាបានចាត់ទូលបង្គំឲ្យមកមែន»។
43. លុះព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ទ្រង់បន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ឡាសារអើយ! ចេញមក!»។
44. ពេលនោះ លោកឡាសារដែលបានស្លាប់ ក៏ចេញពីផ្នូរមក មានទាំងក្រណាត់រុំដៃជើង និងកន្សែងគ្របមុខផង។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «សុំស្រាយក្រណាត់ចេញពីគាត់ ហើយឲ្យគាត់ទៅចុះ»។
45. ជនជាតិយូដាជាច្រើននាក់ ដែលមកផ្ទះនាងម៉ារី បានឃើញព្រះយេស៊ូធ្វើកិច្ចការទាំងនោះ ក៏ជឿលើព្រះអង្គ។
46. ប៉ុន្តែ មានគ្នាគេខ្លះទៅជួបពួកខាងគណៈផារីស៊ី* រៀបរាប់នូវកិច្ចការដែលព្រះយេស៊ូបានធ្វើ។
47. ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី បានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់*មកប្រជុំ ហើយពោលថា៖ «អ្នកនោះបានធ្វើទីសម្គាល់ជាច្រើន តើយើងគិតធ្វើដូចម្ដេច?