11. ក្រោយមក ព្រះអង្គមានព្រះបន្ទូលទៅគេថែមទៀតថា៖ «ឡាសារជាមិត្តសម្លាញ់របស់យើងសម្រាន្ដលក់ទៅហើយ ខ្ញុំត្រូវតែទៅដាស់គាត់ឲ្យភ្ញាក់ឡើងវិញ»។
12. ពួកសិស្សទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ប្រសិនបើគាត់សម្រាន្ដលក់ដូច្នេះ គាត់នឹងបានជាវិញមិនខាន»។
13. តាមពិត ព្រះយេស៊ូចង់មានព្រះបន្ទូលថាលោកឡាសារស្លាប់បាត់ទៅហើយ ប៉ុន្តែ ពួកសិស្សស្មានថា ព្រះអង្គមានព្រះបន្ទូលថា គាត់សម្រាន្ដលក់ធម្មតា។
14. ហេតុនេះហើយបានជាព្រះអង្គមានព្រះបន្ទូលបញ្ជាក់យ៉ាងច្បាស់ថា៖ «ឡាសារស្លាប់ទៅហើយ
15. បើគិតពីប្រយោជន៍អ្នករាល់គ្នា ខ្ញុំសប្បាយចិត្ត ដោយខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ។ ឥឡូវនេះ យើងនាំគ្នាទៅផ្ទះគាត់»។
16. ពេលនោះ សិស្សថូម៉ាស់ហៅឌីឌីម ពោលទៅសិស្សឯទៀតថា៖ «មក! យើងនាំគ្នាទៅរួមស្លាប់ជាមួយព្រះអង្គដែរ!»។
17. កាលព្រះយេស៊ូយាងទៅដល់ ព្រះអង្គក៏ជ្រាបថា គេបានដាក់សពលោកឡាសារក្នុងផ្នូរ បួនថ្ងៃហើយ។
18. ភូមិបេថានីមានចម្ងាយប្រមាណបីគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។
19. មានជនជាតិយូដាជាច្រើននាំគ្នាមកជួយរំលែកទុក្ខនាងម៉ាថា និងនាងម៉ារីក្នុងពេលប្អូនស្លាប់។
20. កាលនាងម៉ាថាបានដឹងថាព្រះយេស៊ូយាងមកដល់ នាងក៏ចេញទៅទទួលព្រះអង្គ រីឯនាងម៉ារីវិញ នាងអង្គុយនៅក្នុងផ្ទះ។
21. នាងម៉ាថាទូលព្រះយេស៊ូថា៖ «លោកម្ចាស់ ប្រសិនបើលោកបាននៅទីនេះ ប្អូននាងខ្ញុំមិនស្លាប់ទេ។