1. នៅភូមិបេតថានី មានបុរសម្នាក់ឈ្មោះ ឡាសារ គាត់មានជំងឺ។ នាងម៉ាថា និងនាងម៉ារីជាបងស្រីរបស់គាត់ ក៏រស់នៅក្នុងភូមិនោះដែរ។
2. នាងម៉ារីនេះជាស្ត្រីម្នាក់ ដែលបានចាក់ប្រេងក្រអូបលើព្រះបាទារបស់ព្រះអម្ចាស់ ព្រមទាំងបានយកសក់របស់នាងមកជូតផង។ រីឯលោកឡាសារដែលឈឺនោះ ត្រូវជាប្អូនបង្កើតរបស់នាង។
3. នាងទាំងពីរនាក់បានចាត់គេឲ្យទៅទូលព្រះយេស៊ូថា៖ «លោកម្ចាស់ អ្នកដែលលោកស្រឡាញ់កំពុងតែមានជំងឺ»។
4. កាលព្រះយេស៊ូជ្រាបដំណឹងនេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ជំងឺនេះកើតឡើង មិនមែនឲ្យគាត់បាត់បង់ជីវិតទេ គឺដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រមទាំងឲ្យព្រះបុត្រារបស់ព្រះអង្គសម្តែងសិរីរុងរឿងវិញ»។
5. ព្រះយេស៊ូស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាង និងលោកឡាសារណាស់។
6. កាលព្រះអង្គជ្រាបដំណឹងថា លោកឡាសារមានជំងឺ ព្រះអង្គគង់នៅកន្លែងដដែលនោះពីរថ្ងៃទៀត
7. បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «យើងនាំគ្នាត្រឡប់ទៅស្រុកយូដាវិញ»។
8. ពួកសិស្សទូលព្រះអង្គថា៖ «ព្រះគ្រូ ជនជាតិយូដាទើបនឹងចង់យកដុំថ្មគប់ធ្វើគុតព្រះអង្គថ្មីៗនេះសោះ ហេតុដូចម្ដេចបានជាព្រះអង្គចង់វិលទៅស្រុកនោះវិញ!»។
9. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ក្នុងមួយថ្ងៃមានដប់ពីរម៉ោង អ្នកណាដើរនៅពេលថ្ងៃ អ្នកនោះមិនជំពប់ជើងដួលឡើយ ព្រោះគេឃើញពន្លឺរបស់ពិភពលោកនេះ។