17. «ព្រះបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្តស៊ូប្ដូរជីវិត ដើម្បីឲ្យបានជីវិតនោះមកវិញ។
18. គ្មាននរណាដកហូតជីវិតរបស់ខ្ញុំបានឡើយ គឺខ្ញុំស៊ូប្ដូរជីវិត ដោយខ្លួនខ្ញុំផ្ទាល់តែម្ដង។ ខ្ញុំមានអំណាចនឹងស៊ូប្ដូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ តាមបទបញ្ជាដែលខ្ញុំបានទទួលពីព្រះបិតាមក»។
19. ព្រះបន្ទូលទាំងនេះធ្វើឲ្យជនជាតិយូដាបាក់បែកគ្នាម្ដងទៀត។
20. មានគ្នាគេជាច្រើនពោលថា៖ «អ្នកនោះមានអារក្សចូល! គាត់វង្វេងស្មារតីហើយ! ស្ដាប់គាត់ធ្វើអ្វី?»។
21. អ្នកខ្លះទៀតពោលថា៖ «ពាក្យទាំងនេះមិនមែនជាពាក្យរបស់មនុស្សដែលមានអារក្សចូលទេ! តើអារក្សអាចធ្វើឲ្យភ្នែកមនុស្សខ្វាក់ភ្លឺកើតឬ?»។
22. ពេលនោះ ជារដូវរងា គេនាំគ្នាធ្វើបុណ្យរំឭកពិធីឆ្លងព្រះវិហារ* នៅក្រុងយេរូសាឡឹម។
23. ព្រះយេស៊ូយាងចុះឡើងក្នុងថែវព្រះវិហារដែលមានឈ្មោះថា «ថែវព្រះបាទសាឡូម៉ូន»។
24. ជនជាតិយូដានាំគ្នាចោមរោមព្រះអង្គទូលសួរថា៖ «តើលោកទុកឲ្យយើងខ្ញុំនៅរារែកក្នុងចិត្តដល់ណាទៀត? ប្រសិនបើលោកពិតជាព្រះគ្រិស្ដ*មែន សូមប្រាប់យើងខ្ញុំឲ្យត្រង់ៗមក»។