13. អ្នកនោះមិនខ្វល់ខ្វាយនឹងចៀមឡើយ ព្រោះគេគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះ។ ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ។
14. ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ
15. គឺដូចព្រះបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះបិតាដូច្នោះដែរ។ ខ្ញុំស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្ញុំ។
16. ខ្ញុំមានចៀមឯទៀតៗ ដែលមិននៅក្នុងក្រោលនេះទេ។ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ។ ចៀមទាំងនោះនឹងស្ដាប់សំឡេងខ្ញុំ ហើយនៅពេលនោះនឹងមានហ្វូងចៀមតែមួយ មានគង្វាលតែមួយ។
17. «ព្រះបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្តស៊ូប្ដូរជីវិត ដើម្បីឲ្យបានជីវិតនោះមកវិញ។
18. គ្មាននរណាដកហូតជីវិតរបស់ខ្ញុំបានឡើយ គឺខ្ញុំស៊ូប្ដូរជីវិត ដោយខ្លួនខ្ញុំផ្ទាល់តែម្ដង។ ខ្ញុំមានអំណាចនឹងស៊ូប្ដូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ តាមបទបញ្ជាដែលខ្ញុំបានទទួលពីព្រះបិតាមក»។
19. ព្រះបន្ទូលទាំងនេះធ្វើឲ្យជនជាតិយូដាបាក់បែកគ្នាម្ដងទៀត។
20. មានគ្នាគេជាច្រើនពោលថា៖ «អ្នកនោះមានអារក្សចូល! គាត់វង្វេងស្មារតីហើយ! ស្ដាប់គាត់ធ្វើអ្វី?»។
21. អ្នកខ្លះទៀតពោលថា៖ «ពាក្យទាំងនេះមិនមែនជាពាក្យរបស់មនុស្សដែលមានអារក្សចូលទេ! តើអារក្សអាចធ្វើឲ្យភ្នែកមនុស្សខ្វាក់ភ្លឺកើតឬ?»។
22. ពេលនោះ ជារដូវរងា គេនាំគ្នាធ្វើបុណ្យរំឭកពិធីឆ្លងព្រះវិហារ* នៅក្រុងយេរូសាឡឹម។
23. ព្រះយេស៊ូយាងចុះឡើងក្នុងថែវព្រះវិហារដែលមានឈ្មោះថា «ថែវព្រះបាទសាឡូម៉ូន»។
24. ជនជាតិយូដានាំគ្នាចោមរោមព្រះអង្គទូលសួរថា៖ «តើលោកទុកឲ្យយើងខ្ញុំនៅរារែកក្នុងចិត្តដល់ណាទៀត? ប្រសិនបើលោកពិតជាព្រះគ្រិស្ដ*មែន សូមប្រាប់យើងខ្ញុំឲ្យត្រង់ៗមក»។
25. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយ តែអ្នករាល់គ្នាមិនជឿទេ។ កិច្ចការទាំងប៉ុន្មានដែលខ្ញុំបានធ្វើក្នុងព្រះនាមព្រះបិតារបស់ខ្ញុំ ជាសក្ខីភាព*បញ្ជាក់អំពីខ្ញុំស្រាប់។
26. ប៉ុន្តែ អ្នករាល់គ្នាមិនជឿសោះ ព្រោះអ្នករាល់គ្នាមិននៅក្នុងចំណោមចៀមរបស់ខ្ញុំ។
27. ចៀមរបស់ខ្ញុំតែងស្ដាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះ ហើយចៀមទាំងនោះមកតាមខ្ញុំ។
28. ខ្ញុំឲ្យគេមានជីវិតអស់កល្បជានិច្ច គេមិនវិនាសអន្តរាយឡើយ ហើយគ្មាននរណាអាចឆក់យកគេពីដៃខ្ញុំជាដាច់ខាត។