9. ព្រះបន្ទូលជាពន្លឺដ៏ពិតប្រាកដតែមួយ ដែលមកក្នុងពិភពលោក ហើយបំភ្លឺមនុស្សគ្រប់ៗរូប។
10. ព្រះបន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយសារព្រះអង្គ ប៉ុន្តែ ពិភពលោកពុំបានទទួលស្គាល់ព្រះអង្គទេ។
11. ព្រះបន្ទូលបានយាងមកគង់ជាមួយប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ តែប្រជារាស្ត្រនោះពុំបានទទួលព្រះអង្គឡើយ។
12. រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានឲ្យគេអាចទៅជាបុត្ររបស់ព្រះជាម្ចាស់។
13. អ្នកទាំងនោះពុំមែនកើតពីលោហិត ពីចំណង់តណ្ហា ឬពីបំណងមនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ។
14. ព្រះបន្ទូលបានកើតមកជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ ដែលមកពីព្រះបិតា ព្រះអង្គពោរពេញទៅដោយព្រះគុណ និងសេចក្ដីពិត។
15. លោកយ៉ូហានបានផ្ដល់សក្ខីភាពអំពីព្រះអង្គ ដោយប្រកាសថា៖ «គឺលោកនេះហើយដែលខ្ញុំនិយាយថា “អ្នកមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”»។
16. យើងទាំងអស់គ្នាបានទទួលព្រះគុណមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ
17. ដ្បិតព្រះអង្គប្រទានក្រឹត្យវិន័យ*តាមរយៈលោកម៉ូសេ ហើយព្រះគុណ និងសេចក្ដីពិត តាមរយៈព្រះយេស៊ូគ្រិស្ដ។
18. ពុំដែលមាននរណាម្នាក់បានឃើញព្រះជាម្ចាស់ឡើយ មានតែព្រះបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលបាននាំយើងឲ្យស្គាល់ព្រះអង្គ ដ្បិតព្រះបុត្រាមានព្រះជន្មរួមជាមួយព្រះបិតា។
19. ជនជាតិយូដាចាត់ពួកបូជាចារ្យ* និងពួកលេវី* ពីក្រុងយេរូសាឡឹម ឲ្យទៅជួបលោកយ៉ូហាន ដើម្បីសួរថា៖ «លោកជានរណា?»។
20. លោកយ៉ូហានប្រកាសប្រាប់គេដោយពុំលាក់លៀមអ្វីឡើយ គឺលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនមែនជាព្រះគ្រិស្ដ*ទេ»។
21. ពួកគេសួរលោកថា៖ «ដូច្នេះ តើលោកជានរណា? តើលោកជាព្យាការីអេលីយ៉ាឬ?»។ លោកឆ្លើយថា៖ «ទេ មិនមែនទេ!»។ គេក៏សួរទៀតថា៖ «តើលោកជាព្យាការី*ដែលយើងរង់ចាំនោះឬ?»។ លោកឆ្លើយថា៖ «មិនមែនទេ!»។
22. គេសួរលោកទៀតថា៖ «តើលោកជានរណា? ដ្បិតយើងខ្ញុំចង់បានចម្លើយយកទៅជម្រាបអស់លោក ដែលចាត់យើងខ្ញុំឲ្យមក តើលោកថាខ្លួនលោកជានរណា!»។
23. លោកយ៉ូហានមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងបុរសម្នាក់ដែលស្រែក នៅវាលរហោស្ថាន*ថា: “ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់”ត្រូវនឹងសេចក្ដីដែលព្យាការីអេសាយបានថ្លែងទុកមក»។
24. អ្នកដែលគេចាត់ឲ្យមកនោះ ជាពួកខាងគណៈផារីស៊ី*។