2. ពួកគេបានរួបរួមគ្នាជាបក្សសម្ព័ន្ធ ដើម្បីច្បាំងតទល់ជាមួយលោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល។
3. អ្នកស្រុកគីបៀន បានឮអំពីការទាំងប៉ុន្មានដែលលោកយ៉ូស្វេប្រព្រឹត្តចំពោះក្រុងយេរីខូ និងក្រុងអៃដែរ។
4. ដូច្នេះ ពួកគេប្រើឧបាយកលបោកប្រាស់លោក គឺគេរៀបចំជាប្រតិភូទៅជួបលោក ដោយយកទៃចាស់ៗ និងថង់ស្រាចាស់ៗពេញទៅដោយបំណះ មកចងនឹងលារបស់ខ្លួន។
5. ពួកគេស្លៀកសម្លៀកបំពាក់ចាស់រយីករយាក និងពាក់ស្បែកជើងចាស់សឹកពេញទៅដោយថ្នេរ។ រីឯនំបុ័ងដែលគេយកទៅជាស្បៀងនោះសុទ្ធតែរឹង ហើយដុះផ្សិតអស់។
6. ពួកគេនាំគ្នាទៅជួបលោកយ៉ូស្វេនៅជំរំគីលកាល់ រួចនិយាយទៅកាន់លោក និងជនជាតិអ៊ីស្រាអែលថា៖ «សូមចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំឥឡូវនេះផង ដ្បិតយើងខ្ញុំមកពីស្រុកឆ្ងាយ»។
7. ជនជាតិអ៊ីស្រាអែលតបទៅជនជាតិហេវីទាំងនេះថា៖ «អ្នករាល់គ្នាប្រហែលជារស់នៅក្នុងចំណោមពួកយើងទេមើលទៅ! តើឲ្យយើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នាដូចម្ដេចបាន?»។
8. ប៉ុន្តែ ពួកគេជម្រាបលោកយ៉ូស្វេថា៖ «យើងខ្ញុំសុទ្ធតែជាអ្នកបម្រើរបស់លោក»។ លោកយ៉ូស្វេសួរពួកគេថា៖ «តើអ្នករាល់គ្នាជានរណា? អ្នករាល់គ្នាមកពីណា»?
9. ពួកគេឆ្លើយថា៖ «យើងខ្ញុំប្របាទមកពីស្រុកឆ្ងាយណាស់ ព្រោះតែព្រះនាមដ៏ល្បីនៃព្រះអម្ចាស់ ជាព្រះរបស់លោក គឺយើងខ្ញុំបានឮពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើនៅស្រុកអេស៊ីប
10. និងកិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើចំពោះស្ដេចរបស់ជនជាតិអាម៉ូរីទាំងពីរអង្គ នៅត្រើយខាងនាយទន្លេយ័រដាន់ គឺព្រះបាទស៊ីហុន ជាស្ដេចក្រុងហេសបូន និងព្រះបាទអុក ជាស្ដេចស្រុកបាសាន ដែលគង់នៅក្រុងអាសថារ៉ូត។