26. លោកយ៉ូស្វេឥតទម្លាក់ដៃទាល់តែសោះ គឺលោកលើកលំពែងឡើង រហូតទាល់តែជនជាតិអ៊ីស្រាអែលបំផ្លាញអ្នកក្រុងអៃអស់គ្មានសល់។
27. ជនជាតិអ៊ីស្រាអែលបានប្រមូលយកហ្វូងសត្វ និងអ្វីៗដែលមាននៅក្នុងក្រុងនោះ ទុកជាជយភ័ណ្ឌ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកយ៉ូស្វេ។
28. លោកយ៉ូស្វេដុតបំផ្លាញក្រុងអៃឲ្យក្លាយទៅជាផេះ ហើយនៅស្ងាត់ជ្រងំរហូតដល់សព្វថ្ងៃ។
29. រីឯស្ដេចក្រុងអៃវិញ លោកយ៉ូស្វេបានយកទៅព្យួរ-កនៅនឹងដើមឈើមួយ ទុករហូតទល់ល្ងាច។ លុះដល់ថ្ងៃលិច លោកបញ្ជាឲ្យគេយកសាកសពចុះពីដើមឈើ ទៅចោលនៅមាត់ទ្វារក្រុង។ គេយកដុំថ្មមកគរពីលើជាគំនរយ៉ាងធំ ដែលនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ។