14. ព្រលឹមឡើង កាលស្ដេចក្រុងអៃឃើញកងទ័ពរបស់លោកយ៉ូស្វេ ស្ដេចក៏ប្រញាប់ប្រញាល់ចេញពីទីក្រុងជាមួយពលទ័ពទាំងអស់ ដើម្បីច្បាំងជាមួយជនជាតិអ៊ីស្រាអែល នៅត្រង់កន្លែងពីមុន គឺនៅទល់មុខនឹងវាលអារ៉ាបា។ ពួកគេពុំបានដឹងថា មានទ័ពបង្កប់ខ្លួននៅខាងក្រោយទីក្រុង ចាំវាយឆ្មក់ពួកគេឡើយ។
15. លោកយ៉ូស្វេ និងកងទ័ពអ៊ីស្រាអែលទាំងមូលធ្វើជាចាញ់ នៅមុខពួកគេ ហើយរត់តម្រង់ទៅវាលរហោស្ថាន។
16. ពួកគេបញ្ជាឲ្យទាហានក្នុងក្រុងទាំងមូលដេញតាមទ័ពអ៊ីស្រាអែល។ ពួកគេនាំគ្នាដេញតាមលោកយ៉ូស្វេ ជាហេតុធ្វើឲ្យពួកគេចាកចេញឆ្ងាយពីទីក្រុង។
17. នៅក្នុងក្រុងអៃ និងក្រុងបេតអែល គ្មានសេសសល់ទាហានណាម្នាក់ទេ គឺពួកគេបានចេញទៅដេញតាមទ័ពអ៊ីស្រាអែល ដោយទុកទីក្រុងចោល ឥតមាននរណាការពារ។
18. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរលើកលំពែងដែលអ្នកកាន់នោះតម្រង់ទៅក្រុងអៃ ដ្បិតយើងប្រគល់ក្រុងនេះមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ លោកយ៉ូស្វេលើកលំពែងដែលលោកកាន់ តម្រង់ទៅរកក្រុង។
19. ពេលលោកលើកដៃឡើង ទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងពួនមកយ៉ាងប្រញាប់។ គេរត់ចូលទៅក្នុងទីក្រុង ហើយដណ្ដើមយកបាន រួចនាំគ្នាដុតទីក្រុងជាបន្ទាន់។
20. កងទ័ពក្រុងអៃងាកមើលក្រោយ ឃើញផ្សែងហុយចេញពីទីក្រុងឡើងទៅលើមេឃ គេក៏ទាល់ច្រកមិនដឹងរត់ទៅទីណា។ កងទ័ពអ៊ីស្រាអែលដែលរត់ឆ្ពោះទៅវាលរហោស្ថានក៏បកក្រោយ វាយអស់អ្នកដែលដេញតាមពួកគេវិញ។
21. លោកយ៉ូស្វេ និងកងទ័ពអ៊ីស្រាអែលទាំងមូលឃើញថា ទ័ពឆ្មក់ដណ្ដើមយកទីក្រុងបានហើយ និងឃើញមានផ្សែងហុយឡើងពីទីក្រុង ពួកគេក៏បែរក្រោយវាយប្រហារកងទ័ពក្រុងអៃ។
22. ទ័ពឆ្មក់ក៏ចេញពីទីក្រុងមកវាយដែរ ដូច្នេះ ទ័ពរបស់ក្រុងអៃត្រូវទ័ពអ៊ីស្រាអែលវាយផ្ទប់ទាំងសងខាង រហូតទាល់តែស្លាប់បាត់បង់ជីវិតអស់ គ្មាននរណាម្នាក់រត់រួចឡើយ។
23. រីឯស្ដេចក្រុងអៃវិញ គេចាប់បានទាំងរស់ ហើយនាំមកជូនលោកយ៉ូស្វេ។
24. ជនជាតិអ៊ីស្រាអែលបានសម្លាប់អ្នកក្រុងអៃទាំងប៉ុន្មាន នៅខាងក្រៅទីក្រុង និងនៅតាមវាលរហោស្ថាន ត្រង់កន្លែងដែលអ្នកក្រុងអៃដេញតាមពួកគេ។ ក្រោយពីបានសម្លាប់អ្នកទាំងនោះអស់គ្មានសល់ហើយ ជនជាតិអ៊ីស្រាអែលទាំងមូលវិលត្រឡប់មកក្រុងអៃវិញ រួចសម្លាប់អ្នកក្រុងទាំងអស់គ្នា។
25. អ្នកក្រុងអៃទាំងប្រុសទាំងស្រីដែលស្លាប់នៅថ្ងៃនោះ មានចំនួនទាំងអស់មួយម៉ឺនពីរពាន់នាក់។