1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរអ្នកនាំទ័ពទាំងអស់ឡើងទៅជាមួយ ហើយវាយយកក្រុងអៃចុះ។ មើល៍! យើងប្រគល់ស្ដេចក្រុងអៃ ប្រជាជននៅក្នុងក្រុង និងស្រុករបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។
2. ត្រូវប្រព្រឹត្តចំពោះក្រុងអៃ និងស្ដេចរបស់គេដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្ដេចរបស់គេដែរ។ ក៏ប៉ុន្តែ លើកនេះ អ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វរបស់គេ ទុកជាជយភ័ណ្ឌបាន។ ចូររៀបចំទ័ពវាយឆ្មក់ទីក្រុងពីខាងក្រោយ»។
3. លោកយ៉ូស្វេនាំកងទ័ពទាំងមូលឆ្ពោះទៅក្រុងអៃជាប្រញាប់។ លោកជ្រើសរើសពលទាហានដ៏អង់អាចបីម៉ឺននាក់ ហើយចាត់គេឲ្យចេញទៅទាំងយប់។
4. លោកបញ្ជាពួកគេថា៖ «ចូរនាំគ្នាទៅបង្កប់ខ្លួនពីក្រោយទីក្រុង តែកុំទៅឆ្ងាយពីទីក្រុងពេក។ ចូរត្រៀមខ្លួនទាំងអស់គ្នា!
5. រីឯខ្ញុំ និងអស់អ្នកដែលនៅជាមួយខ្ញុំ នឹងចូលទៅជិតទីក្រុង។ កាលណាពួកគេចេញមកវាយយើងដូចពីលើកមុន យើងនឹងរត់នៅមុខពួកគេ។
6. ពួកគេមុខជាចេញមកដេញតាមយើងពីក្រោយ យើងទាក់ទាញពួកគេឲ្យចេញឆ្ងាយពីក្រុង។ ពួកគេនឹងគិតថា “ពួកវាបាក់ទ័ពរត់នៅមុខយើង ដូចពីលើកមុនដែរ”។ នៅពេលដែលយើងរត់នៅមុខពួកគេ
7. អ្នករាល់គ្នាត្រូវស្ទុះចេញពីកន្លែងបង្កប់ខ្លួន ចូលទៅដណ្ដើមយកទីក្រុងទៅ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ។
8. កាលអ្នករាល់គ្នាយកទីក្រុងបាន ត្រូវដុតចោល ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់ឲ្យអ្នករាល់គ្នាធ្វើ។ ដូច្នេះ ត្រូវធ្វើតាមបញ្ជាដែលខ្ញុំប្រាប់អ្នករាល់គ្នា!»។
9. លោកយ៉ូស្វេចាត់ពួកគេឲ្យចេញទៅ ពួកគេក៏ទៅបង្កប់ខ្លួននៅខាងលិចទីក្រុងអៃ គឺនៅចន្លោះក្រុងបេតអែល និងក្រុងអៃ។ យប់នោះ លោកយ៉ូស្វេសម្រាន្ដជាមួយប្រជាជន។
10. លោកយ៉ូស្វេក្រោកឡើងពីព្រលឹម ហើយត្រួតពល។ បន្ទាប់មក លោកដើរជាមួយពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល នាំមុខប្រជាជនឆ្ពោះទៅក្រុងអៃ។
11. ទ័ពទាំងប៉ុន្មានដែលនៅជាមួយលោកនាំគ្នាដើរចូលទៅជិតទីក្រុង។ ពេលទៅដល់ទល់មុខនឹងទីក្រុង គេក៏បោះជំរំនៅទិសខាងជើង ហើយមានជ្រលងភ្នំនៅចន្លោះពួកគេនឹងក្រុងអៃ។