4. ពេលនោះ ទ័ពអ៊ីស្រាអែលប្រមាណបីពាន់នាក់ក៏ឡើងទៅវាយយកក្រុងអៃ ប៉ុន្តែ ពួកគេត្រូវបាក់ទ័ព។
5. អ្នកក្រុងអៃបានសម្លាប់ពួកអ៊ីស្រាអែលអស់ប្រមាណសាមសិបប្រាំមួយនាក់ រួចដេញតាមពួកគេចាប់ពីទ្វារក្រុង រហូតទៅដល់ភូមិសេបារីម ហើយសម្លាប់ពួកគេនៅត្រង់ជម្រាលភ្នំ។ ប្រជាជនអ៊ីស្រាអែលបាក់ទឹកចិត្ត បាត់បង់សេចក្ដីក្លាហានអស់។
6. លោកយ៉ូស្វេ និងព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែលហែកសម្លៀកបំពាក់របស់ខ្លួន រួចក្រាបនៅខាងមុខហិបរបស់ព្រះអម្ចាស់ អោនមុខដល់ដី រហូតដល់ល្ងាច ពួកលោកយកធូលីដីរោយលើក្បាលរៀងៗខ្លួន។
7. លោកយ៉ូស្វេទូលថា៖ «ឱព្រះជាអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គនាំយើងខ្ញុំឲ្យឆ្លងកាត់ទន្លេយ័រដាន់ ហើយប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិអាម៉ូរី ដើម្បីឲ្យយើងខ្ញុំវិនាសសូន្យដូច្នេះ? ហេតុដូចម្ដេចបានជាមិនទុកយើងខ្ញុំឲ្យនៅត្រើយខាងនាយទន្លេយ័រដាន់វិញ?
8. ឱព្រះអម្ចាស់អើយ! ឥឡូវនេះ តើឲ្យទូលបង្គំនិយាយដូចម្ដេចកើត បើជនជាតិអ៊ីស្រាអែលបាក់ទ័ពនៅមុខខ្មាំងសត្រូវដូច្នេះ?
9. ពេលជនជាតិកាណាន និងជាតិសាសន៍ទាំងអស់នៅក្នុងស្រុកដឹងរឿងនេះ ពួកគេមុខជាមកឡោមព័ទ្ធ ហើយសម្លាប់រង្គាលយើងខ្ញុំទាំងអស់គ្នា។ ដូច្នេះ តើព្រះអង្គធ្វើយ៉ាងណា ដើម្បីការពារព្រះកិត្តិនាមរបស់ព្រះអង្គ?»។
10. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ក្រោកឡើង! ហេតុអ្វីបានជាអ្នកក្រាបចុះ អោនមុខដល់ដីដូច្នេះ?
11. ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាប ដោយរំលោភលើសម្ពន្ធមេត្រីដែលយើងបានប្រគល់ឲ្យ គឺពួកគេបានយករបស់ដែលត្រូវបំផ្លាញនោះទុកខ្លះ ជារបស់ដែលយើងហាមមិនឲ្យប៉ះពាល់។ ពួកគេបានលួចយកទៅលាក់ទុកជាមួយឥវ៉ាន់របស់ខ្លួន។
12. ហេតុនេះហើយបានជាជនជាតិអ៊ីស្រាអែលពុំអាចប្រឈមមុខតទល់នឹងសត្រូវទៀតទេ។ ពួកគេបាក់ទ័ពរត់នៅមុខសត្រូវដូច្នេះ ព្រោះពួកគេមានទោស ហើយត្រូវវិនាសអន្តរាយ។ ប្រសិនបើអ្នករាល់គ្នាមិនបំផ្លាញអ្វីៗដែលត្រូវបំផ្លាញក្នុងចំណោមអ្នករាល់គ្នាទេនោះ យើងនឹងលែងនៅជាមួយអ្នករាល់គ្នាទៀតហើយ!
13. ក្រោកឡើង ជម្រះប្រជាជនឲ្យវិសុទ្ធ! ត្រូវប្រាប់ពួកគេថា “ចូរជម្រះខ្លួនឲ្យវិសុទ្ធ*សម្រាប់ថ្ងៃស្អែក ដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ៊ីស្រាអែលអើយ! នៅក្នុងអ្នកមានរបស់ដែលត្រូវបំផ្លាញ។ អ្នកពុំអាចប្រឈមមុខតទល់នឹងខ្មាំងសត្រូវឡើយ ដរាបណាអ្នករាល់គ្នាមិនដករបស់ដែលត្រូវបំផ្លាញចេញពីក្នុងចំណោមអ្នករាល់គ្នាទេនោះ។