20. លោកអេកានឆ្លើយទៅលោកយ៉ូស្វេវិញថា៖ «ខ្ញុំប្របាទបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ពិតប្រាកដមែន! គឺខ្ញុំប្របាទបានប្រព្រឹត្តដូចតទៅ:
21. ក្នុងជយភ័ណ្ឌខ្ញុំប្របាទបានឃើញអាវធំមួយយ៉ាងល្អប្រណីត ធ្វើនៅស្រុកស៊ីណើរ ហើយឃើញប្រាក់សុទ្ធទម្ងន់ប្រមាណហុកសិបតម្លឹង និងមាសមួយដុំទម្ងន់ប្រមាណដប់ប្រាំតម្លឹង។ ដោយខ្ញុំប្របាទចង់បានពេក ខ្ញុំប្របាទក៏យករបស់ទាំងនោះ។ ឥឡូវនេះ ខ្ញុំប្របាទកប់ទុកនៅក្នុងតង់ត៍របស់ខ្ញុំប្របាទ ដោយដាក់ប្រាក់នៅក្រោមគេបង្អស់»។
22. លោកយ៉ូស្វេចាត់គេឲ្យរត់ទៅតង់ត៍របស់លោកអេកាន ហើយឃើញវត្ថុកប់ទុកនៅទីនោះមែន គឺប្រាក់នៅពីក្រោមគេបង្អស់។
23. ពួកគេយកវត្ថុទាំងនោះចេញពីក្នុងតង់ត៍មកប្រគល់ជូនលោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលទាំងអស់ ហើយគេក៏ចាក់វត្ថុទាំងនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
24. លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាចាប់លោកអេកាន ជាចៅទួតរបស់លោកសេរ៉ាស ហើយយកប្រាក់ អាវធំ និងដុំមាស ព្រមទាំងកូនប្រុស កូនស្រី គោ លា ចៀម តង់ត៍ និងអ្វីៗទាំងអស់ដែលគាត់មាន នាំឆ្ពោះទៅជ្រលងភ្នំអាគ័រ។
25. លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកនាំទុក្ខទោសមកឲ្យពួកយើងដូច្នេះ? ថ្ងៃនេះ សូមព្រះអម្ចាស់ធ្វើឲ្យអ្នករងទុក្ខទោសវិញ»។ ជនជាតិអ៊ីស្រាអែលទាំងមូលនាំគ្នាសម្លាប់លោកអេកាន និងក្រុមគ្រួសារគាត់ ដោយគប់នឹងថ្ម ព្រមទាំងដុតអ្វីៗទាំងប៉ុន្មានដែលគាត់មានចោលដែរ។
26. បន្ទាប់មក គេយកដុំថ្មមកគរជាគំនរយ៉ាងធំពីលើគាត់ (គំនរថ្មនេះនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ)។ ពេលនោះ ព្រះអម្ចាស់ឈប់ព្រះពិរោធ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា «ជ្រលងភ្នំអាគ័រ» រហូតមកដល់សព្វថ្ងៃ។