16. លោកយ៉ូស្វេក្រោកពីព្រលឹម ហើយបង្គាប់ឲ្យជនជាតិអ៊ីស្រាអែលចូលមក តាមកុលសម្ព័ន្ធ ពេលនោះ ប៉ះចំលើកុលសម្ព័ន្ធយូដា។
17. លោកយ៉ូស្វេបញ្ជាឲ្យអំបូរផ្សេងៗនៃកុលសម្ព័ន្ធយូដាចូលមក ហើយប៉ះចំលើអំបូរសេរ៉ាស។ លោកឲ្យអំបូរសេរ៉ាសចូលមកតាមក្រុមគ្រួសារ ហើយប៉ះចំលើក្រុមគ្រួសារលោកសាបឌី។
18. បន្ទាប់មក លោកឲ្យក្រុមគ្រួសារសាបឌីចូលមកម្នាក់ម្ដងៗ ហើយប៉ះចំលើលោកអេកាន ជាកូនរបស់លោកកើមី ជាចៅរបស់លោកសាបឌី និងជាចៅទួតរបស់លោកសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា។
19. លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់លោកអេកានថា៖ «កូនអើយ ចូរលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល! ចូរលើកកិត្តិយសព្រះអង្គឡើង! តើអ្នកបានធ្វើអ្វីខ្លះ ចូរប្រាប់ខ្ញុំ កុំលាក់លៀមឡើយ»។
20. លោកអេកានឆ្លើយទៅលោកយ៉ូស្វេវិញថា៖ «ខ្ញុំប្របាទបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ពិតប្រាកដមែន! គឺខ្ញុំប្របាទបានប្រព្រឹត្តដូចតទៅ:
21. ក្នុងជយភ័ណ្ឌខ្ញុំប្របាទបានឃើញអាវធំមួយយ៉ាងល្អប្រណីត ធ្វើនៅស្រុកស៊ីណើរ ហើយឃើញប្រាក់សុទ្ធទម្ងន់ប្រមាណហុកសិបតម្លឹង និងមាសមួយដុំទម្ងន់ប្រមាណដប់ប្រាំតម្លឹង។ ដោយខ្ញុំប្របាទចង់បានពេក ខ្ញុំប្របាទក៏យករបស់ទាំងនោះ។ ឥឡូវនេះ ខ្ញុំប្របាទកប់ទុកនៅក្នុងតង់ត៍របស់ខ្ញុំប្របាទ ដោយដាក់ប្រាក់នៅក្រោមគេបង្អស់»។
22. លោកយ៉ូស្វេចាត់គេឲ្យរត់ទៅតង់ត៍របស់លោកអេកាន ហើយឃើញវត្ថុកប់ទុកនៅទីនោះមែន គឺប្រាក់នៅពីក្រោមគេបង្អស់។
23. ពួកគេយកវត្ថុទាំងនោះចេញពីក្នុងតង់ត៍មកប្រគល់ជូនលោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលទាំងអស់ ហើយគេក៏ចាក់វត្ថុទាំងនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។