10. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ក្រោកឡើង! ហេតុអ្វីបានជាអ្នកក្រាបចុះ អោនមុខដល់ដីដូច្នេះ?
11. ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាប ដោយរំលោភលើសម្ពន្ធមេត្រីដែលយើងបានប្រគល់ឲ្យ គឺពួកគេបានយករបស់ដែលត្រូវបំផ្លាញនោះទុកខ្លះ ជារបស់ដែលយើងហាមមិនឲ្យប៉ះពាល់។ ពួកគេបានលួចយកទៅលាក់ទុកជាមួយឥវ៉ាន់របស់ខ្លួន។
12. ហេតុនេះហើយបានជាជនជាតិអ៊ីស្រាអែលពុំអាចប្រឈមមុខតទល់នឹងសត្រូវទៀតទេ។ ពួកគេបាក់ទ័ពរត់នៅមុខសត្រូវដូច្នេះ ព្រោះពួកគេមានទោស ហើយត្រូវវិនាសអន្តរាយ។ ប្រសិនបើអ្នករាល់គ្នាមិនបំផ្លាញអ្វីៗដែលត្រូវបំផ្លាញក្នុងចំណោមអ្នករាល់គ្នាទេនោះ យើងនឹងលែងនៅជាមួយអ្នករាល់គ្នាទៀតហើយ!
13. ក្រោកឡើង ជម្រះប្រជាជនឲ្យវិសុទ្ធ! ត្រូវប្រាប់ពួកគេថា “ចូរជម្រះខ្លួនឲ្យវិសុទ្ធ*សម្រាប់ថ្ងៃស្អែក ដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ៊ីស្រាអែលអើយ! នៅក្នុងអ្នកមានរបស់ដែលត្រូវបំផ្លាញ។ អ្នកពុំអាចប្រឈមមុខតទល់នឹងខ្មាំងសត្រូវឡើយ ដរាបណាអ្នករាល់គ្នាមិនដករបស់ដែលត្រូវបំផ្លាញចេញពីក្នុងចំណោមអ្នករាល់គ្នាទេនោះ។
14. ព្រឹកឡើង អ្នករាល់គ្នាត្រូវចូលមកតាមកុលសម្ព័ន្ធ។ ពេលព្រះអម្ចាស់ចង្អុលកុលសម្ព័ន្ធណា កុលសម្ព័ន្ធនោះត្រូវចូលមកតាមអំបូរ ពេលព្រះអម្ចាស់ចង្អុលអំបូរណា អំបូរនោះត្រូវចូលមកតាមក្រុមគ្រួសារ ហើយពេលព្រះអម្ចាស់ចង្អុលក្រុមគ្រួសារណា ត្រូវឲ្យមេក្រុមគ្រួសារនោះចូលមកម្នាក់ម្ដងៗ។
15. ពេលប៉ះចំលើអ្នកដែលមានកំហុស ដោយលាក់ទុករបស់ដែលត្រូវបំផ្លាញ ចូរដុតអ្នកនោះជាមួយអ្វីៗដែលខ្លួនមាន ព្រោះគេបានរំលោភលើសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ គឺគេបានប្រព្រឹត្តអំពើមួយដ៏ថោកទាបក្នុងស្រុកអ៊ីស្រាអែល”»។
16. លោកយ៉ូស្វេក្រោកពីព្រលឹម ហើយបង្គាប់ឲ្យជនជាតិអ៊ីស្រាអែលចូលមក តាមកុលសម្ព័ន្ធ ពេលនោះ ប៉ះចំលើកុលសម្ព័ន្ធយូដា។
17. លោកយ៉ូស្វេបញ្ជាឲ្យអំបូរផ្សេងៗនៃកុលសម្ព័ន្ធយូដាចូលមក ហើយប៉ះចំលើអំបូរសេរ៉ាស។ លោកឲ្យអំបូរសេរ៉ាសចូលមកតាមក្រុមគ្រួសារ ហើយប៉ះចំលើក្រុមគ្រួសារលោកសាបឌី។