1. ពេលនោះ ជនជាតិអ៊ីស្រាអែលបានបំពានលើព្រះបន្ទូល ដែលព្រះអម្ចាស់ហាមមិនឲ្យប៉ះពាល់របស់អ្វីនៅក្រុងយេរីខូ គឺមានបុរសម្នាក់ឈ្មោះអេកាន ជាកូនរបស់លោកកើមើ ជាចៅរបស់លោកសាបឌី និងជាចៅទួតរបស់លោកសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា បានយករបស់មួយដែលព្រះអម្ចាស់ហាមឃាត់ ជាហេតុធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែល។
2. លោកយ៉ូស្វេបានចាត់អ្នកខ្លះពីក្រុងយេរីខូឲ្យទៅក្រុងអៃ ដែលនៅជិតបេតអាវេន នៅខាងកើតបេតអែល ទាំងមានប្រសាសន៍ទៅគេថា៖ «ចូរឡើងទៅស៊ើបការណ៍នៅស្រុកនោះ»។ ពួកគេក៏ឡើងទៅស៊ើបការណ៍នៅក្រុងអៃ។
3. អ្នកទាំងនោះវិលមកជួបលោកយ៉ូស្វេវិញ ជម្រាបថា៖ «មិនបាច់ឲ្យប្រជាជនទាំងមូលឡើងទៅវាយទេ គឺឲ្យតែទ័ពពីរ ឬបីពាន់នាក់ ឡើងទៅវាយយកក្រុងអៃប៉ុណ្ណោះបានហើយ! អ្នកក្រុងនោះមានគ្នាតិចតួចទេ ដូច្នេះ មិនបាច់ចាត់កងទ័ពទាំងមូលឲ្យទៅ នាំឲ្យពិបាកឡើយ»។
4. ពេលនោះ ទ័ពអ៊ីស្រាអែលប្រមាណបីពាន់នាក់ក៏ឡើងទៅវាយយកក្រុងអៃ ប៉ុន្តែ ពួកគេត្រូវបាក់ទ័ព។
5. អ្នកក្រុងអៃបានសម្លាប់ពួកអ៊ីស្រាអែលអស់ប្រមាណសាមសិបប្រាំមួយនាក់ រួចដេញតាមពួកគេចាប់ពីទ្វារក្រុង រហូតទៅដល់ភូមិសេបារីម ហើយសម្លាប់ពួកគេនៅត្រង់ជម្រាលភ្នំ។ ប្រជាជនអ៊ីស្រាអែលបាក់ទឹកចិត្ត បាត់បង់សេចក្ដីក្លាហានអស់។
6. លោកយ៉ូស្វេ និងព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែលហែកសម្លៀកបំពាក់របស់ខ្លួន រួចក្រាបនៅខាងមុខហិបរបស់ព្រះអម្ចាស់ អោនមុខដល់ដី រហូតដល់ល្ងាច ពួកលោកយកធូលីដីរោយលើក្បាលរៀងៗខ្លួន។
7. លោកយ៉ូស្វេទូលថា៖ «ឱព្រះជាអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គនាំយើងខ្ញុំឲ្យឆ្លងកាត់ទន្លេយ័រដាន់ ហើយប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិអាម៉ូរី ដើម្បីឲ្យយើងខ្ញុំវិនាសសូន្យដូច្នេះ? ហេតុដូចម្ដេចបានជាមិនទុកយើងខ្ញុំឲ្យនៅត្រើយខាងនាយទន្លេយ័រដាន់វិញ?