7. បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរដើរព័ទ្ធជុំវិញទីក្រុង ហើយឲ្យពលទាហានប្រដាប់អាវុធដើរខាងមុខហិបរបស់ព្រះអម្ចាស់»។
8. ប្រជាជនធ្វើតាមប្រសាសន៍របស់លោកយ៉ូស្វេ គឺបូជាចារ្យប្រាំពីររូបដែលកាន់ស្នែងចៀមទាំងប្រាំពីរ ដើរនៅខាងមុខព្រះអម្ចាស់ នាំគ្នាចេញទៅទាំងផ្លុំស្នែង ហើយគេសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ដើរតាមក្រោយ។
9. ពលទាហានប្រដាប់អាវុធដើរខាងមុខក្រុមបូជាចារ្យដែលផ្លុំស្នែង ហើយក៏មានពលទាហានដើរពីក្រោយហិបដែរ។ ពួកគេដើរទៅមុខតាមសំឡេងស្នែង។
10. លោកយ៉ូស្វេបញ្ជាទៅប្រជាជនថា៖ «កុំស្រែកជយឃោស កុំបន្លឺសំឡេង កុំនិយាយស្ដីអ្វីទាំងអស់ រហូតដល់ថ្ងៃខ្ញុំប្រាប់អ្នករាល់គ្នាឲ្យស្រែក នោះសឹមស្រែក»។
11. លោកឲ្យគេសែងហិបរបស់ព្រះអម្ចាស់ដើរព័ទ្ធជុំវិញទីក្រុងបានមួយជុំ រួចប្រជាជនវិលចូលជំរំវិញ ហើយសម្រាកពេលយប់នៅទីនោះទៅ។
12. លោកយ៉ូស្វេក្រោកពីព្រលឹម ហើយក្រុមបូជាចារ្យនាំគ្នាសែងហិបព្រះអម្ចាស់សាជាថ្មី។
13. បូជាចារ្យទាំងប្រាំពីរនាក់ដែលកាន់ស្នែងចៀមដើរខាងមុខហិបព្រះអម្ចាស់ ក៏ចេញដំណើរម្ដងទៀត ទាំងផ្លុំស្នែងផង។ មានពលទាហានប្រដាប់អាវុធដើរខាងមុខ ហើយក៏មានពលទាហានដើរតាមក្រោយហិបព្រះអម្ចាស់ដែរ ពួកគេដើរទៅមុខតាមសំឡេងស្នែង។