14. នៅថ្ងៃទីពីរនោះ ពួកគេដើរព័ទ្ធជុំវិញទីក្រុងបានមួយជុំ រួចវិលចូលជំរំវិញ។ ពួកគេធ្វើដូច្នេះអស់រយៈពេលប្រាំមួយថ្ងៃ។
15. នៅថ្ងៃទីប្រាំពីរ ពួកគេក្រោកពីព្រលឹមស្រាងៗ ហើយដើរព័ទ្ធជុំវិញទីក្រុងប្រាំពីរជុំតាមរបៀបដដែល គឺមានតែថ្ងៃនោះទេ ដែលពួកគេដើរព័ទ្ធជុំវិញទីក្រុងចំនួនប្រាំពីរជុំ។
16. នៅជុំទីប្រាំពីរ ពេលក្រុមបូជាចារ្យផ្លុំស្នែង លោកយ៉ូស្វេបញ្ជាទៅប្រជាជនថា៖ «ចូរស្រែកជយឃោសឡើង! ដ្បិតព្រះអម្ចាស់បានប្រគល់ទីក្រុងឲ្យអ្នករាល់គ្នាហើយ។
17. ចូរបំផ្លាញទីក្រុង និងអ្វីៗទាំងអស់ក្នុងទីក្រុង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ តែត្រូវទុកជីវិតឲ្យនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះ ព្រោះនាងបានលាក់អ្នកស៊ើបការណ៍ ដែលយើងចាត់ឲ្យមក។
18. រីឯអ្នករាល់គ្នាវិញ ចូរប្រយ័ត្ន! កុំប៉ះពាល់របស់អ្វីដែលត្រូវបំផ្លាញនោះជាដាច់ខាត ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ដោយប៉ះពាល់របស់ដែលត្រូវបំផ្លាញនោះ! មួយវិញទៀត បើធ្វើដូច្នោះអ្នករាល់គ្នាមុខជាធ្វើឲ្យមហន្តរាយ និងទុក្ខទោស កើតមានដល់អស់អ្នកដែលស្ថិតនៅក្នុងជំរំអ៊ីស្រាអែលមិនខាន។
19. រីឯមាស ប្រាក់ និងវត្ថុធ្វើពីលង្ហិន ឬពីដែកទាំងអស់ ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់ ហើយបញ្ចូលទៅក្នុងសម្បត្តិរបស់ព្រះអង្គ»។
20. ប្រជាជនស្រែកជយឃោស ហើយក្រុមបូជាចារ្យក៏ផ្លុំស្នែងដែរ។ កាលប្រជាជនឮស្នូរសំឡេងស្នែងគេនាំគ្នាស្រែកឡើងយ៉ាងខ្លាំង ពេលនោះ កំពែងក្រុងក៏រលំចុះនៅនឹងកន្លែង។ ប្រជាជនសម្រុកឡើងទៅមុខរៀងៗខ្លួន ហើយដណ្ដើមយកទីក្រុង។
21. ពួកគេបំផ្លាញអ្វីៗទាំងប៉ុន្មានដែលមាននៅក្នុងទីក្រុង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ គឺប្រហារមនុស្សទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ទាំងគោ ចៀម និងលា ដោយមុខដាវ។
22. លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់បុរសទាំងពីរនាក់ ដែលបានទៅស៊ើបការណ៍នៅក្រុងយេរីខូថា៖ «ចូរទៅផ្ទះស្រីពេស្យា ហើយនាំនាង ព្រមទាំងក្រុមគ្រួសាររបស់នាងចេញមក ដូចអ្នកបានស្បថជាមួយគេ»។