យ៉ូស្វេ 6:11-18 Khmer Standard Version (KHSV)

11. លោក​ឲ្យ​គេ​សែង​ហិប​របស់​ព្រះ‌អម្ចាស់​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង​បាន​មួយ​ជុំ រួច​ប្រជា‌ជន​វិល​ចូល​ជំរំ​វិញ ហើយ​សម្រាក​ពេល​យប់​នៅ​ទី​នោះ​ទៅ។

12. លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​ក្រុម​បូជា‌ចារ្យ​នាំ​គ្នា​សែង​ហិប​ព្រះ‌អម្ចាស់​សា​ជា​ថ្មី។

13. បូជា‌ចារ្យ​ទាំង​ប្រាំ‌ពីរ​នាក់​ដែល​កាន់​ស្នែង​ចៀម​ដើរ​ខាង​មុខ​ហិប​ព្រះ‌អម្ចាស់ ក៏​ចេញ​ដំណើរ​ម្ដង​ទៀត ទាំង​ផ្លុំ​ស្នែង​ផង។ មាន​ពល​ទាហាន​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ ហើយ​ក៏​មាន​ពល​ទាហាន​ដើរ​តាម​ក្រោយ​ហិប​ព្រះ‌អម្ចាស់​ដែរ ពួក​គេ​ដើរ​ទៅ​មុខ​តាម​សំឡេង​ស្នែង។

14. នៅ​ថ្ងៃ​ទី​ពីរ​នោះ ពួក​គេ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង​បាន​មួយ​ជុំ រួច​វិល​ចូល​ជំរំ​វិញ។ ពួក​គេ​ធ្វើ​ដូច្នេះ​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។

15. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ពួក​គេ​ក្រោក​ពី​ព្រលឹម​ស្រាងៗ ហើយ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង​ប្រាំ‌ពីរ​ជុំ​តាម​របៀប​ដដែល គឺ​មាន​តែ​ថ្ងៃ​នោះ​ទេ ដែល​ពួក​គេ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង​ចំនួន​ប្រាំ‌ពីរ​ជុំ។

16. នៅ​ជុំ​ទី​ប្រាំ‌ពីរ ពេល​ក្រុម​បូជា‌ចារ្យ​ផ្លុំ​ស្នែង លោក​យ៉ូស្វេ​បញ្ជា​ទៅ​ប្រជា‌ជន​ថា៖ «ចូរ​ស្រែក​ជយ‌ឃោស​ឡើង! ដ្បិត​ព្រះ‌អម្ចាស់​បាន​ប្រគល់​ទីក្រុង​ឲ្យ​អ្នក​រាល់​គ្នា​ហើយ។

17. ចូរ​បំផ្លាញ​ទីក្រុង និង​អ្វីៗ​ទាំង​អស់​ក្នុង​ទីក្រុង ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ តែ​ត្រូវ​ទុក​ជីវិត​ឲ្យ​នាង​រ៉ាហាប ជា​ស្រី​ពេស្យា និង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង​ប៉ុណ្ណោះ ព្រោះ​នាង​បាន​លាក់​អ្នក​ស៊ើប‌ការណ៍ ដែល​យើង​ចាត់​ឲ្យ​មក។

18. រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ប្រយ័ត្ន! កុំ​ប៉ះ‌ពាល់​របស់​អ្វី​ដែល​ត្រូវ​បំផ្លាញ​នោះ​ជា​ដាច់​ខាត ក្រែង‌លោ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស ដោយ​ប៉ះ‌ពាល់​របស់​ដែល​ត្រូវ​បំផ្លាញ​នោះ! មួយ​វិញ​ទៀត បើ​ធ្វើ​ដូច្នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​ឲ្យ​មហន្ត‌រាយ និង​ទុក្ខ​ទោស កើត​មាន​ដល់​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​អ៊ីស្រា‌អែល​មិន​ខាន។

យ៉ូស្វេ 6