1. ពេលនោះ គេបិទទ្វារក្រុងយេរីខូយ៉ាងជិត គ្មាននរណាម្នាក់ចេញចូលបានឡើយ ព្រោះគេខ្លាចជនជាតិអ៊ីស្រាអែល។
2. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «មើល! យើងប្រគល់ក្រុងយេរីខូ ទាំងស្ដេច ទាំងទាហានដ៏ខ្លាំងពូកែរបស់គេមកក្នុងកណ្ដាប់ដៃអ្នកហើយ។
3. អ្នករាល់គ្នា និងពលទាហានទាំងអស់ ត្រូវដើរព័ទ្ធជុំវិញទីក្រុង ឲ្យបានមួយជុំក្នុងមួយថ្ងៃ។ ត្រូវធ្វើដូច្នេះ ចំនួនប្រាំមួយថ្ងៃ។
4. ត្រូវឲ្យបូជាចារ្យ ប្រាំពីរនាក់កាន់ស្នែងចៀមសម្រាប់ផ្លុំម្នាក់មួយៗ ដើរខាងមុខហិបនៃសម្ពន្ធមេត្រី*។ លុះដល់ថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវដើរជុំវិញទីក្រុងប្រាំពីរជុំ រួចឲ្យក្រុមបូជាចារ្យផ្លុំស្នែងចៀម។
5. ពេលគេផ្លុំស្នែងចៀម ហើយពេលអ្នករាល់គ្នាឮសំឡេងស្នែង ប្រជាជនទាំងមូលត្រូវស្រែកយ៉ាងខ្លាំង កំពែងក្រុងមុខជារលំចុះនៅនឹងកន្លែង ហើយប្រជាជនត្រូវសម្រុកចូលទៅក្នុងទីក្រុងរៀងៗខ្លួន»។
6. លោកយ៉ូស្វេ ជាកូនរបស់លោកនូន ហៅក្រុមបូជាចារ្យមក មានប្រសាសន៍ទៅពួកគេថា៖ «សុំសែងហិបនៃសម្ពន្ធមេត្រី ហើយឲ្យបូជាចារ្យប្រាំពីរនាក់កាន់ស្នែងចៀមប្រាំពីរ ដើរខាងមុខហិបរបស់ព្រះអម្ចាស់»។
7. បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរដើរព័ទ្ធជុំវិញទីក្រុង ហើយឲ្យពលទាហានប្រដាប់អាវុធដើរខាងមុខហិបរបស់ព្រះអម្ចាស់»។
8. ប្រជាជនធ្វើតាមប្រសាសន៍របស់លោកយ៉ូស្វេ គឺបូជាចារ្យប្រាំពីររូបដែលកាន់ស្នែងចៀមទាំងប្រាំពីរ ដើរនៅខាងមុខព្រះអម្ចាស់ នាំគ្នាចេញទៅទាំងផ្លុំស្នែង ហើយគេសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ដើរតាមក្រោយ។
9. ពលទាហានប្រដាប់អាវុធដើរខាងមុខក្រុមបូជាចារ្យដែលផ្លុំស្នែង ហើយក៏មានពលទាហានដើរពីក្រោយហិបដែរ។ ពួកគេដើរទៅមុខតាមសំឡេងស្នែង។
10. លោកយ៉ូស្វេបញ្ជាទៅប្រជាជនថា៖ «កុំស្រែកជយឃោស កុំបន្លឺសំឡេង កុំនិយាយស្ដីអ្វីទាំងអស់ រហូតដល់ថ្ងៃខ្ញុំប្រាប់អ្នករាល់គ្នាឲ្យស្រែក នោះសឹមស្រែក»។
11. លោកឲ្យគេសែងហិបរបស់ព្រះអម្ចាស់ដើរព័ទ្ធជុំវិញទីក្រុងបានមួយជុំ រួចប្រជាជនវិលចូលជំរំវិញ ហើយសម្រាកពេលយប់នៅទីនោះទៅ។