8. កាលបានធ្វើពិធីកាត់ស្បែកឲ្យប្រជាជាតិទាំងមូលហើយ ពួកគេក៏នៅក្នុងជំរំរហូតដល់ជាសះស្បើយទាំងអស់គ្នា។
9. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ថ្ងៃនេះ យើងដក សេចក្ដីអាម៉ាស់ចេញឆ្ងាយពីអ្នករាល់គ្នាហើយ គឺសេចក្ដីអាម៉ាស់ដែលអ្នករាល់គ្នាធ្លាប់រងនៅស្រុកអេស៊ីប»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “គីលកាល់” រហូតដល់សព្វថ្ងៃ។
10. ជនជាតិអ៊ីស្រាអែលបោះជំរំនៅគីលកាល់ ហើយនាំគ្នាធ្វើពិធីបុណ្យចម្លង* នៅល្ងាចថ្ងៃទីដប់បួននៃខែនោះក្នុងតំបន់វាលទំនាបយេរីខូ។
11. ស្អែកឡើង គឺមួយថ្ងៃក្រោយបុណ្យចម្លង ពួកគេបរិភោគនំបុ័ងឥតមេ និងគ្រាប់ស្រូវលីង ដែលជាភោគផលរបស់ស្រុកនោះ។
12. ចាប់តាំងពីថ្ងៃពួកគេបរិភោគភោគផលនៅក្នុងស្រុក នោះនំម៉ាណាលែងធ្លាក់ទៀតហើយ។ ដូច្នេះ តាំងពីឆ្នាំនោះមក ដោយលែងមាននំម៉ាណាទៀត ជនជាតិអ៊ីស្រាអែលនាំគ្នាបរិភោគភោគផលនៃស្រុកកាណាន។
13. ពេលដែលលោកយ៉ូស្វេនៅជិតក្រុងយេរីខូ លោកងើបមុខឡើង ឃើញបុរសម្នាក់ឈរនៅខាងមុខលោក ទាំងហូតដាវកាន់នៅដៃផង។ លោកយ៉ូស្វេដើរទៅជិតសួរថា៖ «តើលោកនៅខាងយើងខ្ញុំ ឬនៅខាងសត្រូវរបស់យើងខ្ញុំ?»។
14. បុរសនោះឆ្លើយថា៖ «ទេ! ខ្ញុំជាមេទ័ពរបស់ព្រះអម្ចាស់ ខ្ញុំទើបនឹងមកដល់»។ ពេលនោះ លោកយ៉ូស្វេក្រាបថ្វាយបង្គំអោនមុខដល់ដី ហើយសួរថា៖ «តើលោកម្ចាស់ចង់មានប្រសាសន៍អ្វីមកខ្ញុំប្របាទ?»។
15. មេទ័ពរបស់ព្រះអម្ចាស់មានប្រសាសន៍មកកាន់លោកយ៉ូស្វេថា៖ «ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងលោកឈរជាកន្លែងដ៏វិសុទ្ធ»។ លោកយ៉ូស្វេក៏ធ្វើតាម។