5. អ្នកទាំងនោះសុទ្ធតែបានទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា ប៉ុន្តែ ប្រជាជនទាំងប៉ុន្មានដែលកើតក្រោយពេលចេញពីស្រុកអេស៊ីប គឺកើតតាមផ្លូវក្នុងវាលរហោស្ថានពុំទាន់បានទទួលពិធីកាត់ស្បែកនៅឡើយទេ។
6. ជនជាតិអ៊ីស្រាអែលធ្វើដំណើរនៅក្នុងវាលរហោស្ថានអស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែអ្នកចំបាំងមួយជំនាន់ដែលចេញមកពីស្រុកអេស៊ីបនោះ ស្លាប់អស់ទៅ។ អ្នកទាំងនោះពុំបានស្ដាប់បង្គាប់ព្រះអម្ចាស់ទេ ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅពួកគេយ៉ាងដាច់អហង្ការថា មិនឲ្យពួកគេឃើញស្រុកដែលព្រះអង្គសន្យាជាមួយបុព្វបុរស ថានឹងប្រទានមកឲ្យយើង គឺជាស្រុកដ៏សម្បូណ៌សប្បាយ។
7. ព្រះអម្ចាស់បាននាំកូនចៅរបស់ពួកគេឲ្យចូលស្រុកជំនួសពួកគេវិញ។ លោកយ៉ូស្វេធ្វើពិធីកាត់ស្បែកឲ្យអ្នកទាំងនេះ ព្រោះតាមផ្លូវ ពួកគេពុំទាន់បានទទួលពិធីកាត់ស្បែកនៅឡើយ។
8. កាលបានធ្វើពិធីកាត់ស្បែកឲ្យប្រជាជាតិទាំងមូលហើយ ពួកគេក៏នៅក្នុងជំរំរហូតដល់ជាសះស្បើយទាំងអស់គ្នា។
9. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ថ្ងៃនេះ យើងដក សេចក្ដីអាម៉ាស់ចេញឆ្ងាយពីអ្នករាល់គ្នាហើយ គឺសេចក្ដីអាម៉ាស់ដែលអ្នករាល់គ្នាធ្លាប់រងនៅស្រុកអេស៊ីប»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “គីលកាល់” រហូតដល់សព្វថ្ងៃ។
10. ជនជាតិអ៊ីស្រាអែលបោះជំរំនៅគីលកាល់ ហើយនាំគ្នាធ្វើពិធីបុណ្យចម្លង* នៅល្ងាចថ្ងៃទីដប់បួននៃខែនោះក្នុងតំបន់វាលទំនាបយេរីខូ។