1. ពេលប្រជាជាតិទាំងមូលឆ្លងទន្លេយ័រដាន់រួចអស់ហើយ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖
2. «ចូរនាំគ្នាជ្រើសរើសយកបុរសដប់ពីរនាក់ ពីចំណោមប្រជាជន គឺម្នាក់ក្នុងកុលសម្ព័ន្ធនីមួយៗ
3. ហើយត្រូវបង្គាប់ពួកគេថា “ចូរយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់នេះ គឺពីកន្លែងដែលក្រុមបូជាចារ្យដាក់ជើងនោះទៅជាមួយ ហើយដាក់នៅកន្លែងដែលអ្នករាល់គ្នាស្នាក់ពេលយប់”»។
4. លោកយ៉ូស្វេហៅបុរសដប់ពីរនាក់ ដែលលោកជ្រើសរើសក្នុងចំណោមជនជាតិអ៊ីស្រាអែល គឺម្នាក់ក្នុងកុលសម្ព័ន្ធនីមួយៗយកម្នាក់
5. លោកយ៉ូស្វេមានប្រសាសន៍ទៅគេថា៖ «ចូរទៅខាងមុខហិបរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺទៅកណ្ដាលទន្លេយ័រដាន់។ នៅទីនោះ សូមឲ្យម្នាក់ៗយកថ្មមួយដុំមកដាក់លើស្មា តាមចំនួនកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល
6. ទុកជាសញ្ញាសម្គាល់នៅកណ្ដាលចំណោមអ្នករាល់គ្នា។ ពេលក្រោយ កាលណាកូនចៅអ្នករាល់គ្នាសួរថា “តើថ្មទាំងនេះមានអត្ថន័យដូចម្ដេច?”
7. អ្នករាល់គ្នាត្រូវប្រាប់គេថា “ព្រះអម្ចាស់បានកាត់ផ្ដាច់ទឹកទន្លេយ័រដាន់ នៅខាងមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គ គឺនៅពេលគេសែងហិបនោះឆ្លងទន្លេយ័រដាន់ ព្រះអង្គបានកាត់ផ្ដាច់ទឹកទន្លេយ័រដាន់។ ថ្មទាំងនេះជាទីរំឭកសម្រាប់ជនជាតិអ៊ីស្រាអែលរហូតតទៅ”»។
8. ជនជាតិអ៊ីស្រាអែលបានធ្វើតាមសេចក្ដីដែលលោកយ៉ូស្វេបង្គាប់ គឺយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់តាមចំនួនកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល ដូចព្រះអម្ចាស់មានព្រះបន្ទូលមកលោកយ៉ូស្វេ។ ពួកគេលីដុំថ្មទាំងនេះឆ្លងទៅជាមួយ រហូតដល់កន្លែងស្នាក់នៅពេលយប់ ហើយទុកនៅទីនោះ។
9. លោកយ៉ូស្វេឲ្យគេបញ្ឈរថ្មដប់ពីរដុំ នៅកណ្ដាលទន្លេយ័រដាន់ ត្រង់កន្លែងដែលក្រុមបូជាចារ្យសែងហិបនៃសម្ពន្ធមេត្រីបានឈរ។ ថ្មទាំងដប់ពីរក៏នៅទីនោះរហូតដល់សព្វថ្ងៃ។
10. ក្រុមបូជាចារ្យសែងហិបនាំគ្នាឈប់នៅចំកណ្ដាលទន្លេយ័រដាន់ រហូតដល់ប្រជាជនធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកយ៉ូស្វេ គឺស្របតាមសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេបានផ្ដែផ្ដាំលោកយ៉ូស្វេ។ ប្រជាជនក៏ប្រញាប់ប្រញាល់នាំគ្នាឆ្លងទៅ។
11. កាលប្រជាជនទាំងមូលឆ្លងផុតអស់ហើយ ទើបក្រុមបូជាចារ្យសែងហិបនៃព្រះអម្ចាស់ឆ្លងដែរ ហើយដើរនៅខាងមុខប្រជាជន។
12. កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានដើរជាក្បួនទ័ព នៅមុខជនជាតិអ៊ីស្រាអែល ស្របតាមសេចក្ដីដែលលោកម៉ូសេបង្គាប់