1. លោកយ៉ូស្វេក្រោកពីព្រលឹម ហើយចាកចេញពីជំរំស៊ីទីមជាមួយជនជាតិអ៊ីស្រាអែលទាំងអស់។ លុះទៅដល់ទន្លេយ័រដាន់ គេក៏ស្នាក់នៅទីនោះ មុននឹងឆ្លងទៅត្រើយម្ខាង។
2. បីថ្ងៃក្រោយមក ពួកនាយក្រុមបានដើរកាត់ជំរំ
3. ហើយបញ្ជាប្រជាជនថា៖ «ពេលណាអ្នករាល់គ្នាឃើញក្រុមបូជាចារ្យលេវី*សែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ពេលនោះ ត្រូវនាំគ្នាចាកចេញពីកន្លែងដែលអ្នករាល់គ្នាស្នាក់នៅ ហើយដើរតាមហិបនោះទៅ។
4. ដូច្នេះ អ្នករាល់គ្នានឹងស្គាល់ផ្លូវដែលអ្នករាល់គ្នាត្រូវដើរ ដ្បិតតាំងពីដើមរៀងមក អ្នករាល់គ្នាមិនដែលបានដើរតាមផ្លូវនេះឡើយ។ ប៉ុន្តែ មិនត្រូវចូលទៅជិតហិបជាដាច់ខាត អ្នករាល់គ្នាត្រូវស្ថិតនៅចម្ងាយប្រមាណពីរពាន់ហត្ថពីហិបនោះ»។