27. លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «មើល៍! ថ្មនេះជាសាក្សីរបស់យើងរាល់គ្នា ដ្បិតថ្មនេះបានឮសេចក្ដីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូលមកយើង ថ្មនេះនឹងទៅជាសាក្សី រារាំងអ្នករាល់គ្នាកុំឲ្យក្បត់ព្រះរបស់អ្នករាល់គ្នា»។
28. បន្ទាប់មក លោកយ៉ូស្វេបានឲ្យប្រជាជនវិលត្រឡប់ទៅកាន់ទឹកដី ដែលជាមត៌កគេរៀងៗខ្លួនវិញ។
29. ក្រោយព្រឹត្តិការណ៍ទាំងនោះមក លោកយ៉ូស្វេដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់ព្រះអម្ចាស់ទទួលមរណភាពក្នុងជន្មាយុមួយរយដប់ឆ្នាំ។
30. គេបានបញ្ចុះសពលោក នៅក្នុងទឹកដី ដែលជាចំណែកមត៌ករបស់លោកនៅធីម៉្នាត-សេរ៉ា ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំកាអាស។
31. ប្រជាជនអ៊ីស្រាអែលគោរពបម្រើព្រះអម្ចាស់ អស់មួយជីវិតរបស់លោកយ៉ូស្វេ។ ក្រោយពីលោកយ៉ូស្វេទទួលមរណភាពផុតទៅ គេនៅតែគោរពបម្រើព្រះអង្គតទៅទៀត ក្នុងអំឡុងពេលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញព្រះអម្ចាស់សម្តែងការអស្ចារ្យទាំងប៉ុន្មាន ដើម្បីជាប្រយោជន៍ដល់អ៊ីស្រាអែល។
32. រីឯធាតុរបស់លោកយ៉ូសែប ដែលជនជាតិអ៊ីស្រាអែលនាំយកពីស្រុកអេស៊ីបមកនោះ គេបញ្ចុះនៅស៊ីគែម ក្នុងចម្ការដែលលោកយ៉ាកុបបានទិញពីកូនចៅលោកហាម៉ោរ ជាឪពុករបស់លោកស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយស្លឹង ហើយដីនោះស្ថិតនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់កូនចៅលោកយ៉ូសែប។
33. លោកអេឡាសារ ជាកូនលោកអើរ៉ុន ក៏បានទទួលមរណភាពដែរ។ គេបានបញ្ចុះសពលោកនៅលើភ្នំរបស់លោកភីនេហាស ជាកូន គឺទឹកដីដែលលោកបានទទួលនៅតំបន់ភ្នំអេប្រាអ៊ីម។