19. លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាមិនអាចគោរពបម្រើព្រះអម្ចាស់បានទេ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ ហើយព្រះអង្គមិនសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាគោរពព្រះមួយណាទៀតឡើយ ព្រះអង្គមិនអាចអត់ទោសចំពោះការបះបោរ និងអំពើបាបរបស់អ្នករាល់គ្នាទេ។
20. ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ហើយងាកទៅគោរពបម្រើព្រះដទៃទៀត ព្រះអង្គនឹងបែរមកដាក់ទោសអ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាវិនាសសាបសូន្យ ថ្វីដ្បិតតែព្រះអង្គធ្លាប់ប្រទានពរដល់អ្នករាល់គ្នារួចមកហើយក៏ដោយ»។
21. ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេវិញថា៖ «ទេ! យើងខ្ញុំគោរពបម្រើព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ»។
22. លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាសាក្សីដឹងឮខ្លួនឯងផ្ទាល់ថា អ្នករាល់គ្នាសម្រេចចិត្តគោរពបម្រើព្រះអម្ចាស់»។ ពួកគេឆ្លើយថា៖ «ពិតមែនហើយ យើងខ្ញុំជាសាក្សី»។
23. លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ឥឡូវនេះ ចូរដកព្រះដទៃ ដែលស្ថិតនៅកណ្ដាលអ្នករាល់គ្នា ចោលចេញទៅ ហើយផ្ចង់ចិត្តគំនិតទៅរកព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលវិញ»។
24. ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេថា៖ «យើងខ្ញុំនឹងគោរពបម្រើព្រះអម្ចាស់ ជាព្រះនៃយើង ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គផង»។
25. នៅថ្ងៃនោះ លោកយ៉ូស្វេបានចងសម្ពន្ធមេត្រីជាមួយប្រជាជននៅស៊ីគែម ហើយលោកចេញច្បាប់ និងវិន័យឲ្យពួកគេកាន់តាមទៀតផង។
26. លោកយ៉ូស្វេចារសេចក្ដីទាំងនេះទុកនៅក្នុងគម្ពីរនៃក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ លោកយកថ្មមួយផ្ទាំងយ៉ាងធំ មកបញ្ឈរនៅក្រោមដើមជ្រៃ ដែលស្ថិតក្នុងកន្លែងសក្ការៈរបស់ព្រះអម្ចាស់។
27. លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «មើល៍! ថ្មនេះជាសាក្សីរបស់យើងរាល់គ្នា ដ្បិតថ្មនេះបានឮសេចក្ដីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូលមកយើង ថ្មនេះនឹងទៅជាសាក្សី រារាំងអ្នករាល់គ្នាកុំឲ្យក្បត់ព្រះរបស់អ្នករាល់គ្នា»។