1. លោកយ៉ូស្វេបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រាអែលឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយលោកក៏បានកោះហៅក្រុមព្រឹទ្ធាចារ្យ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងនាយក្រុមរបស់ជនជាតិអ៊ីស្រាអែលឲ្យអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។
2. លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ពីដើម បុព្វបុរសរបស់អ្នករាល់គ្នា គឺថេរ៉ា ជាឪពុករបស់អប្រាហាំ និងណាហ៊រ រស់នៅខាងនាយទន្លេអឺប្រាត ហើយគោរពបម្រើព្រះដទៃ។
3. យើងបាននាំអប្រាហាំ ជាបុព្វបុរសរបស់អ្នករាល់គ្នា ពីត្រើយខាងនាយទន្លេអឺប្រាតមក ឲ្យដើរកាត់ស្រុកកាណានទាំងមូល យើងធ្វើឲ្យកូនចៅរបស់គាត់កើនចំនួនច្រើនឡើង ហើយយើងក៏បានឲ្យគាត់បង្កើតអ៊ីសាកដែរ។
4. យើងបានឲ្យអ៊ីសាកបង្កើតយ៉ាកុប ព្រមទាំងអេសាវ ហើយប្រគល់ឲ្យអេសាវកាន់កាប់តំបន់ភ្នំសៀរ។ រីឯយ៉ាកុប និងកូនៗរបស់គាត់បាននាំគ្នាចុះទៅនៅស្រុកអេស៊ីប។
5. បន្ទាប់មក យើងចាត់ម៉ូសេ និងអើរ៉ុនឲ្យមក ហើយយើងបានប្រហារអ្នកស្រុកអេស៊ីប ដោយសារគ្រោះកាច ដែលយើងធ្វើនៅក្នុងចំណោមពួកគេ រួចយើងនាំប្រជាជនរបស់អ្នករាល់គ្នាចេញពីស្រុកនោះ។