7. មិនត្រូវពាក់ព័ន្ធនឹងប្រជាជាតិដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា មិនត្រូវអង្វររកព្រះរបស់គេ ឬយកឈ្មោះព្រះទាំងនោះមកស្បថឡើយ ហើយកុំគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះជាដាច់ខាត។
8. ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាជំពាក់ចិត្តនឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់ប្រព្រឹត្តរហូតមកដល់សព្វថ្ងៃ
9. ព្រះអម្ចាស់នឹងយកទឹកដីពីប្រជាជាតិដ៏ធំៗ និងមានកម្លាំងខ្លាំងក្លា មកប្រគល់ឲ្យអ្នករាល់គ្នា។ រហូតមកដល់សព្វថ្ងៃ គ្មាននរណាអាចប្រយុទ្ធតទល់នឹងអ្នករាល់គ្នាឡើយ។
10. មនុស្សតែម្នាក់ក្នុងចំណោមអ្នករាល់គ្នា អាចដេញតាមពួកគេមួយពាន់នាក់ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រយុទ្ធ ដើម្បីអ្នករាល់គ្នា ដូចព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នា។
11. ចូរប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន ចូរស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
12. ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីព្រះអង្គ ទៅជំពាក់ចិត្តនឹងប្រជាជាតិនានា ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នារៀបការជាមួយពួកគេ ព្រមទាំងពាក់ព័ន្ធជាមួយពួកគេ
13. ចូរចងចាំឲ្យច្បាស់ថា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងលែងបណ្ដេញប្រជាជាតិទាំងនោះចេញពីមុខអ្នករាល់គ្នាទៀតហើយ ពួកគេនឹងក្លាយទៅជាអន្ទាក់ ឬអង្គប់ ហើយប្រៀបដូចជារំពាត់ខ្សែតីវាយលើខ្នង ឬជាបន្លា នៅក្នុងភ្នែកអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាវិនាសសូន្យពីទឹកដីដ៏ល្អដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យ។
14. «ចំណែកខ្ញុំវិញ ពេលនេះខ្ញុំជិតលាចាកលោកហើយ។ អ្នករាល់គ្នាត្រូវទទួលស្គាល់ ឲ្យអស់ពីចិត្ត អស់ពីគំនិតថា ព្រះបន្ទូលទាំងប៉ុន្មានស្ដីអំពីសុភមង្គលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ទ្រង់បានសន្យាជាមួយអ្នករាល់គ្នានោះ នឹងសម្រេចចំពោះអ្នករាល់គ្នាសព្វគ្រប់ទាំងអស់ ឥតខ្វះ ឥតចន្លោះត្រង់ណាឡើយ។
15. ព្រះបន្ទូលស្ដីអំពីសុភមង្គលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាសន្យា សុទ្ធតែបានសម្រេចសព្វគ្រប់យ៉ាងណា ព្រះបន្ទូលដែលព្រះអង្គព្រមានអ្នករាល់គ្នា ក៏នឹងសម្រេចយ៉ាងនោះដែរ រហូតដល់អ្នករាល់គ្នាវិនាសសាបសូន្យពីទឹកដីដ៏ល្អ ដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យ។
16. ប្រសិនបើអ្នករាល់គ្នាផ្ដាច់សម្ពន្ធមេត្រីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់ឲ្យអ្នករាល់គ្នាកាន់តាម ហើយប្រសិនបើអ្នករាល់គ្នាបែរទៅគោរពបម្រើ និងថ្វាយបង្គំព្រះដទៃ នោះព្រះអម្ចាស់នឹងពិរោធចំពោះអ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាវិនាសសូន្យយ៉ាងឆាប់ពីទឹកដីដ៏ល្អ ដែលព្រះអង្គប្រទានឲ្យអ្នករាល់គ្នា»។