9. កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានវិលត្រឡប់ទៅវិញ។ ពួកគេចាកចេញពីជនជាតិអ៊ីស្រាអែលនៅស៊ីឡូ ក្នុងស្រុកកាណាន ឆ្ពោះទៅស្រុកកាឡាដ ជាទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
10. កាលពួកគេមកដល់ក្បែរទន្លេយ័រដាន់ ក្នុងស្រុកកាណាន កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានសង់អាសនៈមួយដ៏ធំស្កឹមស្កៃ នៅមាត់ទន្លេយ័រដាន់។
11. ជនជាតិអ៊ីស្រាអែលឮគេនិយាយថា៖ «កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានសង់អាសនៈមួយនៅមាត់ទន្លេយ័រដាន់ ក្នុងស្រុកកាណាន នៅត្រើយខាងអ៊ីស្រាអែល»។
12. កាលជនជាតិអ៊ីស្រាអែលទទួលដំណឹងនេះហើយ ពួកគេក៏ប្រមូលផ្ដុំសហគមន៍ទាំងមូលនៅស៊ីឡូ បម្រុងចេញទៅច្បាំងតទល់នឹងកុលសម្ព័ន្ធទាំងនោះ។
13. ជនជាតិអ៊ីស្រាអែលបានចាត់លោកភីនេហាស ជាកូនលោកបូជាចារ្យអេឡាសារ
14. ព្រមទាំងអ្នកដឹកនាំដប់នាក់ ដែលទទួលខុសត្រូវលើកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល គឺម្នាក់ៗជាមេលើក្រុមគ្រួសាររបស់ជនជាតិអ៊ីស្រាអែល។
15. ពួកគេនាំគ្នាទៅជួបកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល នៅស្រុកកាឡាដ ហើយនិយាយដូចតទៅ៖
16. «សហគមន៍ទាំងមូលរបស់ព្រះអម្ចាស់ចង់ដឹងថា ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តមិនស្មោះត្រង់ ចំពោះព្រះរបស់ជនជាតិអ៊ីស្រាអែលបែបនេះ? ហេតុអ្វីបានជាអ្នករាល់គ្នាបែកចិត្តចេញពីព្រះអម្ចាស់ ដោយសង់អាសនៈមួយសម្រាប់អ្នករាល់គ្នាផ្ទាល់នៅថ្ងៃនេះ ដើម្បីបះបោរប្រឆាំងនឹងព្រះអម្ចាស់ដូច្នេះ?
17. នៅពេអ៊រ យើងបានប្រព្រឹត្តខុសយ៉ាងធ្ងន់ ធ្វើឲ្យយើងដែលជាសហគមន៍របស់ព្រះអម្ចាស់ត្រូវរងគ្រោះកាច ហើយរហូតមកទល់សព្វថ្ងៃនេះ យើងមិនទាន់បានស្អាតបរិសុទ្ធផង! តើប៉ុណ្ណឹងនៅតែមិនគ្រប់គ្រាន់ទេឬ?
18. ថ្ងៃនេះ អ្នករាល់គ្នាបែកចិត្តចេញពីព្រះអម្ចាស់! ប្រសិនបើអ្នករាល់គ្នាចង់បះបោរប្រឆាំងនឹងព្រះអង្គថ្ងៃនេះ ថ្ងៃស្អែកព្រះអម្ចាស់មុខជាពិរោធនឹងសហគមន៍អ៊ីស្រាអែលទាំងមូលមិនខាន។
19. បើអ្នករាល់គ្នាយល់ឃើញថា ដីដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាពុំបរិសុទ្ធទេ ចូរឆ្លងមករស់នៅក្នុងស្រុកជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ដែលមានព្រះដំណាក់របស់ព្រះអង្គផង។ ចូរមកកាន់កាប់ទឹកដីនេះជាមួយយើងចុះ ប៉ុន្តែ សូមកុំបះបោរប្រឆាំងនឹងព្រះអម្ចាស់ឡើយ ហើយក៏កុំបះបោរប្រឆាំងនឹងពួកយើង ដោយសង់អាសនៈមួយទៀត សម្រាប់អ្នករាល់គ្នា ក្រៅពីអាសនៈរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។
20. កាលលោកអេកានជាកូនរបស់លោកសេរ៉ាស ប្រព្រឹត្តមិនស្មោះត្រង់ចំពោះទ្រព្យដែលត្រូវបំផ្លាញ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់នោះ សហគមន៍អ៊ីស្រាអែលទាំងមូលបានរងគ្រោះ នៅពេលដែលព្រះអម្ចាស់ទ្រង់ព្រះពិរោធកំហុសរបស់គាត់ ពុំបានធ្វើឲ្យគាត់វិនាសតែម្នាក់ឯងទេ»។
21. កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ឆ្លើយទៅមេដឹកនាំអំបូរនៃជនជាតិអ៊ីស្រាអែលថា៖
22. «ព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអម្ចាស់ពិតជាព្រះដ៏ខ្ពង់ខ្ពស់បំផុតមែន! ព្រះអង្គជ្រាបអ្វីៗទាំងអស់! អ៊ីស្រាអែលក៏នឹងដឹងដែរ! ប្រសិនបើយើងខ្ញុំបះបោរ ឬមានចិត្តមិនស្មោះត្រង់ចំពោះព្រះអម្ចាស់ សូមកុំឲ្យព្រះអង្គទុកជីវិតយើងខ្ញុំនៅថ្ងៃនេះឡើយ។
23. ប្រសិនបើយើងបានសង់អាសនៈនេះ ដើម្បីបែកចេញពីព្រះអម្ចាស់ និងដើម្បីថ្វាយតង្វាយដុតទាំងមូល ឬតង្វាយនានា ឬដើម្បីថ្វាយយញ្ញបូជាមេត្រីភាពមែននោះ សូមព្រះអម្ចាស់ដាក់ទោសយើងខ្ញុំទៅ!
24. តាមពិត មិនមែនដូច្នោះទេ យើងខ្ញុំប្រព្រឹត្តបែបនេះ មកពីយើងខ្ញុំបារម្ភក្រែងដល់ថ្ងៃក្រោយ កូនចៅរបស់បងប្អូនសួរកូនចៅរបស់យើងខ្ញុំថា “តើអ្នករាល់គ្នាមានទំនាក់ទំនងអ្វីជាមួយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល?
25. ពួករូបេន និងពួកកាដអើយ! ព្រះអម្ចាស់បានយកទន្លេយ័រដាន់ធ្វើជាព្រំប្រទល់រវាងពួកយើង និងអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយព្រះអម្ចាស់ទេ!”។ កូនចៅរបស់បងប្អូនមុខជាបណ្ដាលឲ្យកូនចៅរបស់យើងខ្ញុំ លែងគោរពកោតខ្លាចព្រះអម្ចាស់ទៀតមិនខាន។
26. ហេតុនេះហើយបានជាយើងខ្ញុំគិតគ្នាថា យើងខ្ញុំត្រូវតែសង់អាសនៈនេះឡើង មិនមែនសម្រាប់ថ្វាយតង្វាយដុតទាំងមូល ឬសម្រាប់ថ្វាយយញ្ញបូជាឯទៀតៗឡើយ