9. កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានវិលត្រឡប់ទៅវិញ។ ពួកគេចាកចេញពីជនជាតិអ៊ីស្រាអែលនៅស៊ីឡូ ក្នុងស្រុកកាណាន ឆ្ពោះទៅស្រុកកាឡាដ ជាទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
10. កាលពួកគេមកដល់ក្បែរទន្លេយ័រដាន់ ក្នុងស្រុកកាណាន កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានសង់អាសនៈមួយដ៏ធំស្កឹមស្កៃ នៅមាត់ទន្លេយ័រដាន់។
11. ជនជាតិអ៊ីស្រាអែលឮគេនិយាយថា៖ «កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានសង់អាសនៈមួយនៅមាត់ទន្លេយ័រដាន់ ក្នុងស្រុកកាណាន នៅត្រើយខាងអ៊ីស្រាអែល»។
12. កាលជនជាតិអ៊ីស្រាអែលទទួលដំណឹងនេះហើយ ពួកគេក៏ប្រមូលផ្ដុំសហគមន៍ទាំងមូលនៅស៊ីឡូ បម្រុងចេញទៅច្បាំងតទល់នឹងកុលសម្ព័ន្ធទាំងនោះ។
13. ជនជាតិអ៊ីស្រាអែលបានចាត់លោកភីនេហាស ជាកូនលោកបូជាចារ្យអេឡាសារ
14. ព្រមទាំងអ្នកដឹកនាំដប់នាក់ ដែលទទួលខុសត្រូវលើកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល គឺម្នាក់ៗជាមេលើក្រុមគ្រួសាររបស់ជនជាតិអ៊ីស្រាអែល។
15. ពួកគេនាំគ្នាទៅជួបកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល នៅស្រុកកាឡាដ ហើយនិយាយដូចតទៅ៖
16. «សហគមន៍ទាំងមូលរបស់ព្រះអម្ចាស់ចង់ដឹងថា ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តមិនស្មោះត្រង់ ចំពោះព្រះរបស់ជនជាតិអ៊ីស្រាអែលបែបនេះ? ហេតុអ្វីបានជាអ្នករាល់គ្នាបែកចិត្តចេញពីព្រះអម្ចាស់ ដោយសង់អាសនៈមួយសម្រាប់អ្នករាល់គ្នាផ្ទាល់នៅថ្ងៃនេះ ដើម្បីបះបោរប្រឆាំងនឹងព្រះអម្ចាស់ដូច្នេះ?
17. នៅពេអ៊រ យើងបានប្រព្រឹត្តខុសយ៉ាងធ្ងន់ ធ្វើឲ្យយើងដែលជាសហគមន៍របស់ព្រះអម្ចាស់ត្រូវរងគ្រោះកាច ហើយរហូតមកទល់សព្វថ្ងៃនេះ យើងមិនទាន់បានស្អាតបរិសុទ្ធផង! តើប៉ុណ្ណឹងនៅតែមិនគ្រប់គ្រាន់ទេឬ?
18. ថ្ងៃនេះ អ្នករាល់គ្នាបែកចិត្តចេញពីព្រះអម្ចាស់! ប្រសិនបើអ្នករាល់គ្នាចង់បះបោរប្រឆាំងនឹងព្រះអង្គថ្ងៃនេះ ថ្ងៃស្អែកព្រះអម្ចាស់មុខជាពិរោធនឹងសហគមន៍អ៊ីស្រាអែលទាំងមូលមិនខាន។
19. បើអ្នករាល់គ្នាយល់ឃើញថា ដីដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាពុំបរិសុទ្ធទេ ចូរឆ្លងមករស់នៅក្នុងស្រុកជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ដែលមានព្រះដំណាក់របស់ព្រះអង្គផង។ ចូរមកកាន់កាប់ទឹកដីនេះជាមួយយើងចុះ ប៉ុន្តែ សូមកុំបះបោរប្រឆាំងនឹងព្រះអម្ចាស់ឡើយ ហើយក៏កុំបះបោរប្រឆាំងនឹងពួកយើង ដោយសង់អាសនៈមួយទៀត សម្រាប់អ្នករាល់គ្នា ក្រៅពីអាសនៈរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។