6. លោកយ៉ូស្វេបានឲ្យពរ និងប្រាប់ពួកគេឲ្យចេញទៅ ពួកគេក៏វិលត្រឡប់ទៅជំរំរៀងៗខ្លួនវិញ។
7. លោកម៉ូសេបានចែកទឹកដីមួយចំណែកជាមត៌ក ក្នុងស្រុកបាសាន នៅខាងកើតទន្លេយ័រដាន់ ឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល។ លោកយ៉ូស្វេក៏បានចែកទឹកដីមួយចំណែកជាមត៌ក ឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត នៅខាងលិចទន្លេយ័រដាន់ រួមជាមួយកុលសម្ព័ន្ធនានាជាបងប្អូនរបស់គេដែរ។ លោកយ៉ូស្វេប្រាប់ពួកគេឲ្យវិលត្រឡប់ទៅជំរំវិញ ទាំងឲ្យពរពួកគេផង។
8. លោកមានប្រសាសន៍ទៅគេថា៖ «ចូរវិលត្រឡប់ទៅជំរំរបស់អ្នករាល់គ្នាវិញចុះ ចូរនាំយកទ្រព្យសម្បត្តិដ៏ច្រើន និងហ្វូងសត្វដ៏សន្ធឹកសន្ធាប់ទៅជាមួយ ព្រមទាំងយកមាស ប្រាក់ លង្ហិន ដែក និងសម្លៀកបំពាក់យ៉ាងច្រើនបំផុតនេះ ទៅជាមួយដែរ។ ចូរនាំគ្នាចែកជយភ័ណ្ឌដែលអ្នករាល់គ្នារឹបអូសយកពីខ្មាំងសត្រូវ ឲ្យបងប្អូនរបស់អ្នករាល់គ្នាផង»។
9. កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានវិលត្រឡប់ទៅវិញ។ ពួកគេចាកចេញពីជនជាតិអ៊ីស្រាអែលនៅស៊ីឡូ ក្នុងស្រុកកាណាន ឆ្ពោះទៅស្រុកកាឡាដ ជាទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
10. កាលពួកគេមកដល់ក្បែរទន្លេយ័រដាន់ ក្នុងស្រុកកាណាន កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានសង់អាសនៈមួយដ៏ធំស្កឹមស្កៃ នៅមាត់ទន្លេយ័រដាន់។