យ៉ូស្វេ 22:26-34 Khmer Standard Version (KHSV)

26. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​គិត​គ្នា​ថា យើង​ខ្ញុំ​ត្រូវ​តែ​សង់​អាសនៈ​នេះ​ឡើង មិន​មែន​សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​សម្រាប់​ថ្វាយ​យញ្ញ‌បូជា​ឯ​ទៀតៗ​ឡើយ

27. ប៉ុន្តែ អាសនៈ​នេះ​ជា​សក្ខីភាព​រវាង​យើង​ខ្ញុំ និង​បង‌ប្អូន ព្រម​ទាំង​កូន​ចៅ​របស់​យើង​នៅ​ជំនាន់​ក្រោយ​ថា យើង​ខ្ញុំ​មាន​សិទ្ធិ‌គោរព​បម្រើ​ព្រះ‌អម្ចាស់ ដោយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ព្រម​ទាំង​យញ្ញ‌បូជា​ឯ​ទៀតៗ​ដែរ។ ដូច្នេះ នៅ​អនាគត កូន​ចៅ​របស់​បង‌ប្អូន​នឹង​មិន​អាច​ពោល​ទៅ​កូន​ចៅ​របស់​យើង​ថា “អ្នក​រាល់​គ្នា​គ្មាន​សិទ្ធិ​ទាក់ទង​ជា​មួយ​ព្រះ‌អម្ចាស់”ឡើយ។

28. យើង​ខ្ញុំ​បាន​គិត​ជា​មួយ​គ្នា​ទៀត​ថា ទៅ​អនាគត បើ​សិន​ជា​គេ​ពោល​ពាក្យ​សម្ដី​នេះ​ចំពោះ​យើង​ខ្ញុំ និង​កូន​ចៅ​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​ឆ្លើយ​ទៅ​វិញ​ថា “សូម​មើល! ដូនតា​របស់​យើង​ខ្ញុំ​បាន​សង់​អាសនៈ​នេះ​មាន​រូប​រាង​ដូច​អាសនៈ​របស់​ព្រះ‌អម្ចាស់​បេះ​បិទ តែ​មិន​មែន​ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​ថ្វាយ​យញ្ញ‌បូជា​ឯ​ទៀតៗ​ឡើយ គឺ​អាសនៈ​នេះ​ជា​សក្ខីភាព​រវាង​យើង​ខ្ញុំ និង​បង‌ប្អូន”។

29. យើង​ខ្ញុំ​គ្មាន​បំណង​ចង់​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ឬ​ក៏​ចង់​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អង្គ នៅ​ថ្ងៃ​នេះ ដោយ​សង់​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ថ្វាយ​តង្វាយ​នានា ឬ​យញ្ញ‌បូជា​អ្វី​ផ្សេង ក្រៅ​ពី​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង គឺ​អាសនៈ​ដែល​ស្ថិត​នៅ​មុខ​ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ​នោះ​ឡើយ!»។

30. ពេល​លោក​បូជា‌ចារ្យ​ភីនេ‌ហាស មេ​ដឹក​នាំ​សហគមន៍ និង​មេ​លើ​ក្រុម​គ្រួសារ​ប្រជា‌ជន​អ៊ីស្រា‌អែល​នៅ​ទី​នោះ បាន​ឮ​ពាក្យ​សម្ដី​ដែល​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ រៀប​រាប់ ពួក​គេ​ក៏​ពេញ​ចិត្ត។

31. លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ មាន​ប្រសាសន៍​ទៅ​កាន់​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ថា៖ «ថ្ងៃ​នេះ យើង​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​គង់​នៅ​ជា​មួយ​យើង​រាល់​គ្នា​មែន ដ្បិត​បង‌ប្អូន​ពុំ​បាន​ក្បត់​ព្រះ‌អម្ចាស់ គឺ​បង‌ប្អូន​ពុំ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទទួល​ទោស​ពី​ព្រះ‌អម្ចាស់​ឡើយ»។

32. បន្ទាប់​មក លោក​ភីនេ‌ហាស ដែល​ជា​កូន​របស់​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ និង​មេ​ដឹក​នាំ​ប្រជា‌ជន​បាន​ចាក​ចេញ​ពី​កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​កាដ នៅ​ស្រុក​កាឡាដ វិល​មក​ស្រុក​កាណាន ជួប‌ជុំ​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ ដោយ​នាំ​យក​របាយ‌ការណ៍​មក​ជា​មួយ​ផង។

33. ប្រជា‌ជន​អ៊ីស្រា‌អែល​ពេញ​ចិត្ត​នឹង​របាយ‌ការណ៍ ហើយ​អរ​ព្រះ​គុណ​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​លែង​គិត‌គូរ​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​ទេស​របស់​កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​កាដ​ទៀត។

34. កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​កាដ បាន​ដាក់​ឈ្មោះ​អាសនៈ​នោះ​ថា «សក្ខីភាព» ដ្បិត​អាសនៈ​នោះ​ធ្វើ​ជា​សាក្សី​នៅ​ចំពោះ​មុខ​យើង​ទាំង​អស់​គ្នា​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន។

យ៉ូស្វេ 22