យ៉ូស្វេ 22:14-29 Khmer Standard Version (KHSV)

14. ព្រម​ទាំង​អ្នក​ដឹក​នាំ​ដប់​នាក់ ដែល​ទទួល​ខុស​ត្រូវ​លើ​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ម្នាក់ៗ​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

15. ពួក​គេ​នាំ​គ្នា​ទៅ​ជួប​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល នៅ​ស្រុក​កាឡាដ ហើយ​និយាយ​ដូច​ត​ទៅ៖

16. «សហគមន៍​ទាំង​មូល​របស់​ព្រះ‌អម្ចាស់​ចង់​ដឹង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់ ចំពោះ​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បែប​នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ដោយ​សង់​អាសនៈ​មួយ​សម្រាប់​អ្នក​រាល់​គ្នា​ផ្ទាល់​នៅ​ថ្ងៃ​នេះ ដើម្បី​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ដូច្នេះ?

17. នៅ​ពេអ៊រ យើង​បាន​ប្រព្រឹត្ត​ខុស​យ៉ាង​ធ្ងន់ ធ្វើ​ឲ្យ​យើង​ដែល​ជា​សហគមន៍​របស់​ព្រះ‌អម្ចាស់​ត្រូវ​រង​គ្រោះ​កាច ហើយ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​មិន​ទាន់​បាន​ស្អាត​បរិសុទ្ធ​ផង! តើ​ប៉ុណ្ណឹង​នៅ​តែ​មិន​គ្រប់​គ្រាន់​ទេ​ឬ?

18. ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់! ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក​ព្រះ‌អម្ចាស់​មុខ​ជា​ពិរោធ​នឹង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​មិន​ខាន។

19. បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា ដី​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​ពុំ​បរិសុទ្ធ​ទេ ចូរ​ឆ្លង​មក​រស់​នៅ​ក្នុង​ស្រុក​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ​ផង។ ចូរ​មក​កាន់​កាប់​ទឹក​ដី​នេះ​ជា​មួយ​យើង​ចុះ ប៉ុន្តែ សូម​កុំ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ឡើយ ហើយ​ក៏​កុំ​បះ‌បោរ​ប្រឆាំង​នឹង​ពួក​យើង ដោយ​សង់​អាសនៈ​មួយ​ទៀត សម្រាប់​អ្នក​រាល់​គ្នា ក្រៅ​ពី​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។

20. កាល​លោក​អេកាន​ជា​កូន​របស់​លោក​សេ‌រ៉ាស ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ទ្រព្យ​ដែល​ត្រូវ​បំផ្លាញ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់​នោះ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​បាន​រង​គ្រោះ នៅ​ពេល​ដែល​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​កំហុស​របស់​គាត់ ពុំ​បាន​ធ្វើ​ឲ្យ​គាត់​វិនាស​តែ​ម្នាក់​ឯង​ទេ»។

21. កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ឆ្លើយ​ទៅ​មេ​ដឹក​នាំ​អំបូរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖

22. «ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​មែន! ព្រះ‌អង្គ​ជ្រាប​អ្វីៗ​ទាំង​អស់! អ៊ីស្រា‌អែល​ក៏​នឹង​ដឹង​ដែរ! ប្រសិន​បើ​យើង​ខ្ញុំ​បះ‌បោរ ឬ​មាន​ចិត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌អម្ចាស់ សូម​កុំ​ឲ្យ​ព្រះ‌អង្គ​ទុក​ជីវិត​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឡើយ។

23. ប្រសិន​បើ​យើង​បាន​សង់​អាសនៈ​នេះ ដើម្បី​បែក​ចេញ​ពី​ព្រះ‌អម្ចាស់ និង​ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​តង្វាយ​នានា ឬ​ដើម្បី​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព​មែន​នោះ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​យើង​ខ្ញុំ​ទៅ!

24. តាម​ពិត មិន​មែន​ដូច្នោះ​ទេ យើង​ខ្ញុំ​ប្រព្រឹត្ត​បែប​នេះ មក​ពី​យើង​ខ្ញុំ​បារម្ភ​ក្រែង​ដល់​ថ្ងៃ​ក្រោយ កូន​ចៅ​របស់​បង‌ប្អូន​សួរ​កូន​ចៅ​របស់​យើង​ខ្ញុំ​ថា “តើ​អ្នក​រាល់​គ្នា​មាន​ទំនាក់‌ទំនង​អ្វី​ជា​មួយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល?

25. ពួក​រូបេន និង​ពួក​កាដ​អើយ! ព្រះ‌អម្ចាស់​បាន​យក​ទន្លេ​យ័រដាន់​ធ្វើ​ជា​ព្រំ‌ប្រទល់​រវាង​ពួក​យើង និង​អ្នក​រាល់​គ្នា។ ដូច្នេះ អ្នក​រាល់​គ្នា​គ្មាន​សិទ្ធិ​ទាក់ទង​ជា​មួយ​ព្រះ‌អម្ចាស់​ទេ!”។ កូន​ចៅ​របស់​បង‌ប្អូន​មុខ​ជា​បណ្ដាល​ឲ្យ​កូន​ចៅ​របស់​យើង​ខ្ញុំ លែង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ទៀត​មិន​ខាន។

26. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​គិត​គ្នា​ថា យើង​ខ្ញុំ​ត្រូវ​តែ​សង់​អាសនៈ​នេះ​ឡើង មិន​មែន​សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​សម្រាប់​ថ្វាយ​យញ្ញ‌បូជា​ឯ​ទៀតៗ​ឡើយ

27. ប៉ុន្តែ អាសនៈ​នេះ​ជា​សក្ខីភាព​រវាង​យើង​ខ្ញុំ និង​បង‌ប្អូន ព្រម​ទាំង​កូន​ចៅ​របស់​យើង​នៅ​ជំនាន់​ក្រោយ​ថា យើង​ខ្ញុំ​មាន​សិទ្ធិ‌គោរព​បម្រើ​ព្រះ‌អម្ចាស់ ដោយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ព្រម​ទាំង​យញ្ញ‌បូជា​ឯ​ទៀតៗ​ដែរ។ ដូច្នេះ នៅ​អនាគត កូន​ចៅ​របស់​បង‌ប្អូន​នឹង​មិន​អាច​ពោល​ទៅ​កូន​ចៅ​របស់​យើង​ថា “អ្នក​រាល់​គ្នា​គ្មាន​សិទ្ធិ​ទាក់ទង​ជា​មួយ​ព្រះ‌អម្ចាស់”ឡើយ។

28. យើង​ខ្ញុំ​បាន​គិត​ជា​មួយ​គ្នា​ទៀត​ថា ទៅ​អនាគត បើ​សិន​ជា​គេ​ពោល​ពាក្យ​សម្ដី​នេះ​ចំពោះ​យើង​ខ្ញុំ និង​កូន​ចៅ​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​ឆ្លើយ​ទៅ​វិញ​ថា “សូម​មើល! ដូនតា​របស់​យើង​ខ្ញុំ​បាន​សង់​អាសនៈ​នេះ​មាន​រូប​រាង​ដូច​អាសនៈ​របស់​ព្រះ‌អម្ចាស់​បេះ​បិទ តែ​មិន​មែន​ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​ថ្វាយ​យញ្ញ‌បូជា​ឯ​ទៀតៗ​ឡើយ គឺ​អាសនៈ​នេះ​ជា​សក្ខីភាព​រវាង​យើង​ខ្ញុំ និង​បង‌ប្អូន”។

29. យើង​ខ្ញុំ​គ្មាន​បំណង​ចង់​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ឬ​ក៏​ចង់​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អង្គ នៅ​ថ្ងៃ​នេះ ដោយ​សង់​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ថ្វាយ​តង្វាយ​នានា ឬ​យញ្ញ‌បូជា​អ្វី​ផ្សេង ក្រៅ​ពី​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង គឺ​អាសនៈ​ដែល​ស្ថិត​នៅ​មុខ​ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ​នោះ​ឡើយ!»។

យ៉ូស្វេ 22