យ៉ូស្វេ 22:1-8 Khmer Standard Version (KHSV)

1. ពេល​នោះ លោក​យ៉ូស្វេ​កោះ​ហៅ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដែល​មក​ពី​ខាង​កើត។

2. លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​គោរព​តាម​សេចក្ដី​ទាំង​អស់​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់ បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ក៏​គោរព​តាម​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ដែរ។

3. អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ហើយ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ពុំ​បាន​បោះ‌បង់​ចោល​បង‌ប្អូន​រួម​ឈាម​ឡើយ គឺ​អ្នក​រាល់​គ្នា​បាន​គោរព​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

4. ឥឡូវ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រោស​ប្រទាន​ឲ្យ​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សុខ‌សាន្ត ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​ពួក​គេ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ ពោល​គឺ​ទឹក​ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ចែក​ឲ្យ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។

5. ប៉ុន្តែ ចូរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន គឺ​ត្រូវ​ប្រព្រឹត្ត​តាម​បទ‌បញ្ជា និង​ក្រឹត្យ‌វិន័យ ដែល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់ បាន​ប្រគល់​ឲ្យ: គឺ​ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ត្រូវ​ដើរ​តាម​គ្រប់​មាគ៌ា​របស់​ព្រះ‌អង្គ ត្រូវ​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ត្រូវ​ជាប់​ចិត្ត​ជា​មួយ​ព្រះ‌អង្គ ត្រូវ​គោរព​បម្រើ​ព្រះ‌អង្គ​ឲ្យ​អស់​ពី​កម្លាំង​កាយ និង​កម្លាំង​ចិត្ត»។

6. លោក​យ៉ូស្វេ​បាន​ឲ្យ​ពរ និង​ប្រាប់​ពួក​គេ​ឲ្យ​ចេញ​ទៅ ពួក​គេ​ក៏​វិល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន​វិញ។

7. លោក​ម៉ូសេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក ក្នុង​ស្រុក​បាសាន នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល។ លោក​យ៉ូស្វេ​ក៏​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត នៅ​ខាង​លិច​ទន្លេ​យ័រដាន់ រួម​ជា​មួយ​កុល‌សម្ព័ន្ធ​នានា​ជា​បង‌ប្អូន​របស់​គេ​ដែរ។ លោក​យ៉ូស្វេ​ប្រាប់​ពួក​គេ​ឲ្យ​វិល​ត្រឡប់​ទៅ​ជំរំ​វិញ ទាំង​ឲ្យ​ពរ​ពួក​គេ​ផង។

8. លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ ចូរ​នាំ​យក​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន និង​ហ្វូង​សត្វ​ដ៏​សន្ធឹក​សន្ធាប់​ទៅ​ជា​មួយ ព្រម​ទាំង​យក​មាស ប្រាក់ លង្ហិន ដែក និង​សម្លៀក‌បំពាក់​យ៉ាង​ច្រើន​បំផុត​នេះ ទៅ​ជា​មួយ​ដែរ។ ចូរ​នាំ​គ្នា​ចែក​ជយ‌ភ័ណ្ឌ​ដែល​អ្នក​រាល់​គ្នា​រឹប​អូស​យក​ពី​ខ្មាំង​សត្រូវ ឲ្យ​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ផង»។

យ៉ូស្វេ 22