1. ពេលនោះ លោកយ៉ូស្វេកោះហៅកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលមកពីខាងកើត។
2. លោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាគោរពតាមសេចក្ដីទាំងអស់ដែលលោកម៉ូសេ ជាអ្នកបម្រើព្រះអម្ចាស់ បានបង្គាប់ដល់អ្នករាល់គ្នា អ្នករាល់គ្នាក៏គោរពតាមពាក្យសម្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នាដែរ។
3. អស់រយៈពេលជាយូរមកហើយ ហើយរហូតដល់សព្វថ្ងៃនេះ អ្នករាល់គ្នាពុំបានបោះបង់ចោលបងប្អូនរួមឈាមឡើយ គឺអ្នករាល់គ្នាបានគោរពតាមបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
4. ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រោសប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានសេចក្ដីសុខសាន្ត ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយពួកគេ។ ដូច្នេះ ចូរអ្នករាល់គ្នាវិលត្រឡប់ទៅជំរំរៀងៗខ្លួន ក្នុងស្រុករបស់អ្នករាល់គ្នាវិញចុះ ពោលគឺទឹកដីដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានចែកឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។
5. ប៉ុន្តែ ចូរប្រុងប្រយ័ត្នឲ្យមែនទែន គឺត្រូវប្រព្រឹត្តតាមបទបញ្ជា និងក្រឹត្យវិន័យ ដែលលោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់ បានប្រគល់ឲ្យ: គឺត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ត្រូវដើរតាមគ្រប់មាគ៌ារបស់ព្រះអង្គ ត្រូវប្រព្រឹត្តតាមបទបញ្ជារបស់ព្រះអង្គ ត្រូវជាប់ចិត្តជាមួយព្រះអង្គ ត្រូវគោរពបម្រើព្រះអង្គឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត»។
6. លោកយ៉ូស្វេបានឲ្យពរ និងប្រាប់ពួកគេឲ្យចេញទៅ ពួកគេក៏វិលត្រឡប់ទៅជំរំរៀងៗខ្លួនវិញ។
7. លោកម៉ូសេបានចែកទឹកដីមួយចំណែកជាមត៌ក ក្នុងស្រុកបាសាន នៅខាងកើតទន្លេយ័រដាន់ ឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល។ លោកយ៉ូស្វេក៏បានចែកទឹកដីមួយចំណែកជាមត៌ក ឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត នៅខាងលិចទន្លេយ័រដាន់ រួមជាមួយកុលសម្ព័ន្ធនានាជាបងប្អូនរបស់គេដែរ។ លោកយ៉ូស្វេប្រាប់ពួកគេឲ្យវិលត្រឡប់ទៅជំរំវិញ ទាំងឲ្យពរពួកគេផង។