1. មេក្រុមគ្រួសារនៃកូនចៅលេវីនាំគ្នាមកជួបលោកបូជាចារ្យអេឡាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងមេគ្រួសាររបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល
2. នៅស៊ីឡូ ក្នុងស្រុកកាណានជម្រាបថា៖ «ព្រះអម្ចាស់បានបញ្ជាតាមរយៈលោកម៉ូសេថា ត្រូវប្រគល់ក្រុងសម្រាប់ឲ្យយើងខ្ញុំស្នាក់នៅ ព្រមទាំងវាលស្មៅជិតខាង សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំដែរ»។
3. ដូច្នេះ ជនជាតិអ៊ីស្រាអែលបានយកក្រុងខ្លះ និងវាលស្មៅដែលជាចំណែកមត៌ករបស់ពួកគេ ចែកឲ្យពួកលេវី ស្របតាមបញ្ជារបស់ព្រះអម្ចាស់។
4. គេបានចាប់ឆ្នោតសម្រាប់អំបូរនានានៃកូនចៅកេហាត់។ ក្នុងចំណោមពួកលេវីទាំងនោះ កូនចៅរបស់បូជាចារ្យអើរ៉ុនទទួលបានក្រុងចំនួនដប់បី ក្នុងទឹកដីរបស់កុលសម្ព័ន្ធយូដា កុលសម្ព័ន្ធស៊ីម្មាន និងកុលសម្ព័ន្ធបេនយ៉ាមីន។
5. កូនចៅឯទៀតៗរបស់កេហាត់ទទួលបានក្រុងចំនួនដប់ ក្នុងទឹកដីនៃអំបូរនានារបស់កុលសម្ព័ន្ធអេប្រាអ៊ីម កុលសម្ព័ន្ធដាន់ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលនៅខាងលិច។
6. កូនចៅរបស់លោកគើសុនទទួលបានក្រុងចំនួនដប់បី ក្នុងទឹកដីកុលសម្ព័ន្ធអ៊ីសាខារ កុលសម្ព័ន្ធអេស៊ើរ កុលសម្ព័ន្ធណែបថាលី និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលស្ថិតនៅក្នុងស្រុកបាសាន។
7. កូនចៅរបស់លោកម៉្រារីទទួលបានក្រុងចំនួនដប់ពីរ ក្នុងទឹកដីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប់យូឡូន។
8. ជនជាតិអ៊ីស្រាអែលបានចែកក្រុង និងវាលស្មៅនៅជុំវិញឲ្យពួកលេវី ដោយការចាប់ឆ្នោត ស្របតាមបញ្ជារបស់ព្រះអម្ចាស់មកលោកម៉ូសេ។