6. គាត់ត្រូវស្នាក់នៅក្រុងនោះរហូតដល់សហគមន៍ជំនុំជម្រះ ហើយរហូតដល់លោកមហាបូជាចារ្យ*ដែលកាន់មុខតំណែងនៅពេលនោះ ទទួលមរណភាពផុតទៅ។ ក្រោយមក ទើបអ្នកដែលបានសម្លាប់គេនោះអាចវិលត្រឡប់ទៅនៅស្រុកភូមិរបស់ខ្លួន គឺកន្លែងដែលគាត់រត់ចេញមក»។
7. ជនជាតិអ៊ីស្រាអែលក៏បានញែកក្រុងកេដែស នៅស្រុកកាលីឡេ ក្នុងតំបន់ភ្នំណែបថាលី ក្រុងស៊ីគែមនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងក្រុងគារយ៉ាត-អើបា គឺក្រុងហេប្រូនក្នុងតំបន់ភ្នំយូដា។
8. នៅត្រើយខាងនាយទន្លេយ័រដាន់ គឺនៅខាងកើតក្រុងយេរីខូ គេបានជ្រើសរើសយកក្រុងបេស៊ើរ នៅវាលរហោស្ថាន ក្នុងតំបន់ខ្ពង់រាបរបស់កុលសម្ព័ន្ធរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដរបស់កុលសម្ព័ន្ធកាដ និងក្រុងកូឡាន នៅស្រុកបាសានរបស់កុលសម្ព័ន្ធម៉ាណាសេ។
9. គេបានជ្រើសរើសក្រុងទាំងនោះ ដើម្បីឲ្យជនជាតិអ៊ីស្រាអែលទាំងអស់ និងជនបរទេសដែលស្នាក់ជាមួយគេ អាចរត់ទៅជ្រកកោន នៅពេលបានសម្លាប់មនុស្សម្នាក់ដោយអចេតនា។ ធ្វើដូច្នេះ គេនឹងបានរួចផុតពីកណ្ដាប់ដៃរបស់អ្នកដែលត្រូវសងសឹក គឺគេមិនត្រូវស្លាប់ ដោយសហគមន៍មិនបានជំនុំជម្រះជាមុន។